ជំនួយក៏ជួយ ប្រាក់កម្ចីក៏ផ្ដល់! ជប៉ុន ផ្ដល់ឥណទានសម្បទានជាង ២០០ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងឆ្លើយតបនឹងវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច November 20, 2020 Khmernote

រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានទំហំទឹកប្រាក់ ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦ លានដុល្លារអាមេរិក)។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះការផ្ដល់ឥណទានសម្បទាននេះ ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី