ADB ត្រៀមថវិកាចំនួន ២០.៣ លានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍដែលជាសមាជិកទទួលបានវ៉ាក់សាំង Covid-19 ប្រកបដោយសមធម៌ និងប្រសិទ្ធភាព
សេដ្ឋកិច្ច November 18, 2020 Khmernote

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមថវិកាចំនួន ២០.៣ លានដុល្លារជាជំនួយបច្ចេកទេសដើម្បីជួយដល់សមាជិកកំពុងអភិវឌ្ឍរបស់ខ្លួនទទួលបានវ៉ាក់សាំង Covid-19 និងបង្កើតប្រព័ន្ធដើម្បីផ្តល់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌និងប្រសិទ្ធភាព។ ធនាគារបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា មូលនិធិនេះនឹងមានសម្រាប់សមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ដើម្បីគាំទ្រដល់ការវាយតម្លៃប្រព័ន្ធទាក់ទងនឹងវ៉ាក់សាំង និងការអភិវឌ្ឍផែនការត្រៀមសម្រាប់ប្រទេសដើម្បីពង្រឹងសមត្ថភាពក្នុងការទទួលបានការណែនាំ ដាក់ពង្រាយចែកចាយ និងត្រួតពិនិត្យវ៉ាក់សាំងដោយសុវត្ថិភាព និងប្រសិទ្ធភាព។

តាមប្រភពដដែលមូលនិធិនឹងជួយសមាជិកវាយតម្លៃ និងពង្រឹងខ្សែសង្វាក់ផ្ទុក និងដឹកជញ្ជូនត្រជាក់ដែលវ៉ាក់សាំងទាមទារចាំបាច់ ការត្រួតពិនិត្យការឆ្លងការផ្គត់ផ្គង់ និងជំនាញរបស់បុគ្គលិកសុខាភិបាល ទាក់ទងនឹងហានិភ័យ និងចាប់យក ហើយតាមដានទិន្នន័យជាក់ស្តែង។ ជំនួយបច្ចេកទេសក៏នឹងគាំទ្រដល់ការកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយខ្សែសង្វាក់ផ្ទុក និងដឹកជញ្ជូនត្រជាក់ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាតាមដានទោលើវ៉ាក់សាំង។

អគ្គនាយកនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរអាកាសធាតុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Woochong Um មានប្រសាសន៍ថា៖ « អាស៊ី និងប៉ាស៊ីហ្វិកបានធ្វើបានយ៉ាងល្អដើម្បីកំណត់ការរីករាលដាលនៃវីរុស Covid-19។ ការធានាឱ្យទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពនិងសមធម៌ គឺជាចំណុចនាំមុខបន្ទាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោក Woochong Um បានបន្ថែមថា៖ « ជាមួយនឹងធនធានជំនួយបន្ថែមទាំងនេះធនាគារអភិវឌ្ឍន៍អាស៊ីអាចគាំទ្រសមាជិកកំពុងអភិវឌ្ឍន៍របស់យើង ឱ្យចាត់វិធានការបន្ទាន់រួមទាំងការវាយតម្លៃប្រព័ន្ធវ៉ាក់សាំង និងយុទ្ធសាស្រ្តដាក់ពង្រាយវ៉ាក់សាំងដើម្បីធានាថាវ៉ាក់សាំងត្រូវបានបញ្ជូនឱ្យមានប្រសិទ្ធភាព និងយុត្តិធម៌ »។ ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា នឹងអនុវត្តជំនួយបច្ចេកទេសជាមួយដៃគូរបស់ខ្លួន គឺ UNICEF និងអង្គការសុខភាពពិភពលោក (WHO) ដោយមានការសម្របសម្រួលជាមួយ COVAX, Gavi, World Bank,ទីភ្នាក់ងារទ្វេភាគី និងស្ថាប័នដទៃទៀត។

សូមជម្រាបផងដែរថវិកានេះមានចំនួន ២០ លានដុល្លារអាមេរិកពីមូលនិធិពិសេសជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (TASF) និង ៣០០,០០០ ដុល្លារពីមូលនិធិបច្ចេកវិទ្យាកម្រិតខ្ពស់ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន។ ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកញ្ចប់ជំនួយចំនួន ២០ ពាន់លានដុល្លារអាមេរិកនៅក្នុងខែមេសា ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់សមាជិកកំពុងអភិវឌ្ឍន៍របស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus