ប្រជាជនថៃប្រមាណ ២ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍នឹងលែងមានការងារធ្វើ ប្រសិនរឿងមួយនេះនៅតែបន្តកើតឡើង
ទេសចរណ៍ November 16, 2020 Khmernote

សមាគមន៍ភ្នាក់ងារទេសចរណ៍ថៃ (ATTA) ជឿជាក់ថា ប្រជាជនថៃប្រមាណ ២ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍នឹងលែងមានការងារធ្វើ ប្រសិនបើអ្នកទេសចរបរទេសមិនត្រឡប់មកប្រទេសថៃវិញក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នាថ្ងៃទី១៦ ខែវិច្ឆិកា នេះ។ ប្រធានសមាគមន៍ (ATTA) លោក Wichit Prakobkosol បានដាក់ញត្តិមួយជាមួយក្រសួងទេសចរណ៍ និងកីឡាដោយស្នើសុំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានការចូលរបស់អ្នកដំណើរពីខេត្តចំនួន ២២ នៅក្នុងប្រទេសចិនដែលមានសុវត្ថិភាពពី Covid-19 ដើម្បីជួយរក្សាការងារជូនដល់ប្រជាជន។

លោក​ Prakobkosol បានឲ្យដឹងថា​ បណ្ដាខេត្តដែល (ATTA) រំពឹងបំផុតនោះគឺមាន Zhejiang, Anhui, Chongqing, Hebei, Hubei, Hunan, និង Fujian។ លោកបានបន្តថា នៅពេលរដ្ឋាភិបាលបើកព្រំដែនខេត្តចំនួន ២២ នេះ នឹងមានភ្ញៀវទេសចរ ៣០០,០០០ នាក់ក្នុងមួយខែមកប្រទេសថៃ ហើយអាចបង្កើតប្រាក់ចំណូលច្រើនជាង ១៥ ពាន់លានបាតក្នុងមួយខែ។ គួរឲ្យដឹងផងដែរថា មកទល់ពេល កម្មករចំនួន ១៥ ម៉ឺននាក់នៅក្នុងអាជីវកម្មទេសចរណ៍ត្រូវបានបញ្ឈប់ដោយក្រុមហ៊ុនជាង ១ ម៉ឺន ប៉ុន្តែ ៩០% នៃអ្នកបាត់បង់ការងារនេះ គឺបាត់បង់បណ្ដោះអាសន្នប៉ុណ្ណោះ ចំណែកឯ ១០% បានបាត់បង់ការងារជារៀងរហូត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand