ប្រទេសកម្ពុជា បាននាំចេញអង្ករសរុប ២៥,៩៩៤តោន ទៅកាន់ប្រទេសអូស្ត្រាលីក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧកញ៉ា សុង សារ៉ាន់ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលថ្មីៗនេះទៅកាន់ឃ្លាំងស្តុកស្រូវ និងរោងម៉ាស៊ីនកិនស្រូវរបស់ Amru Rice (ខេមបូឌា) ខូអិលធីឌីនៅខេត្តកំពង់ធំថា « នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសសម្រាប់ស្រូវសរីរាង្គ និងប្រកបដោយនិរន្តរភាព »។
CRF បន្តទៀតថា « វាជាមោទនភាពមួយ ដែលរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ដោយបន្ថែមថាក្រៅពីការកើនឡើងនៃការនាំចេញអង្ករ ក្រុមហ៊ុនអូស្រ្តាលីមួយចំនួនបានចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្រូវនៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា បាននាំចេញអង្ករ ៥៣៦,៣០៥តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះកើនឡើង ១៧.១១% បើធៀបនឹងឆ្នាំមុន ដោយរកចំណូលបានចំនួន ៣៦៦.៤៤ លានដុល្លារ។

យោងតាម CRF ក្នុងរយៈពេល ១០ ខែនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងដែនដីស្វយ័តផ្សេងទៀត (ហុងកុង ម៉ាកាវ តៃវ៉ាន់) បាន ៣៦% នៃការនាំចេញសរុប, ២៧ ប្រទេសនៅអឺរ៉ុប ៣២% , សមាជិកអាស៊ាន ៦ ប្រទេស ១៣% , ១០ ប្រទេសនៅអាហ្វ្រិក ៩% , ប្រទេសនៅអាស៊ី-អូសេអានី (ជាពិសេសអូស្រ្តាលី និងនូវែលសេឡង់) ៦% , តំបន់/នាយកដ្ឋានដែលអាស្រ័យនៅក្រៅប្រទេស ២% ហើយប្រទេសនៅអាមេរិកខាងជើង និងអាស៊ី-មជ្ឈឹមបូព៌ាយកនៅសល់ ២% ៕
ប្រភព៖ ក្រសួងព័ត៌មាន


