ជប៉ុន សន្យាផ្ដល់ជំនួយជាង ២០០ លា​នដុល្លារដល់បណ្ដាប្រទេសអាស៊ាន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ Covid-19 ខណៈប្រទេសខ្លួនកើនឡើងជាង ១ពាន់ករណីក្នុងមួយថ្ងៃ
សេដ្ឋកិច្ច November 16, 2020 Khmernote

នាយករដ្ឋមន្រ្តីជប៉ុនថ្មីគឺលោក Suga Yoshihide បានសន្យាផ្ដល់ជំនួយជាង ២០០ លា​នដុល្លារដល់បណ្ដាប្រទេសអាស៊ាន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK លោក Suga ដែលជាមេដឹកនាំមកពីសមាជិកអាស៊ានទាំង ១០ ក៏ដូចជាសមាជិកសភាជប៉ុន បានលើកឡើងអំពីជំនួយនេះនៅក្នុងជំនួបតាមអ៉ឺនធឺណេត កាលពីថ្ងៃសោរ៍ កន្លងទៅនេះជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

ក្នុងឱកាសនោះនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយថា ជំនួយនេះនឹងរួមបញ្ចូលទាំងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងការគាំទ្របច្ចេកទេសដល់ស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រ។ បន្ថែមពីនេះប្រទេសជប៉ុននឹងជួយពង្រឹងសេដ្ឋកិច្ចអាស៊ានតាមរយៈ ការកសាងបណ្តាញផ្គត់ផ្គង់កាន់តែខ្លាំង និងឧស្សាហកម្មឌីជីថល។ លោក Suga បានបន្តទៀតថា ការរីករាលដាលនៃមេរោគឆ្លង គឺជាការគំរាមកំហែងដល់ “ សន្តិសុខមនុស្ស” ។ យោងតាមប្រសាសន៍របស់នាយក​រដ្ឋមន្រ្តីរូបនេះ ការផ្តល់សេវាសុខភាពជាសកល គឺមានសារៈសំខាន់ណាស់ ដើម្បីជំនះជំងឺឆ្លងហើយបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសនីមួយៗនៅក្នុងតំបន់ដើម្បីសម្រេចបាននូវគោលដៅនោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk