ផ្លែស្វាយវៀតណាមត្រូវប៉ាន់ខ្លាំងនៅអាមេរិក ដោយរយៈពេល ៨ខែឆ្នាំនេះ​ អាមេរិកនាំចូលក្នុងបរិមាណទ្វេដង
សេដ្ឋកិច្ច November 14, 2020 Khmernote

សហរដ្ឋអាមេរិកបាននាំចូលបរិមាណផ្លែស្វាយរបស់វៀតណាមទ្វេដងក្នុងរយៈពេល ៨ខែ​នៃឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ២០២០ ដែលនេះបង្ហាញពីសក្ដានុពលសម្រាប់ការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារអាមេរិក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនៃការនាំចូលស្វាយបានកើនឡើង ៩៩.៩% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២.៧៩ លានដុល្លារ។ ដោយតម្លៃនាំចូលជាមធ្យមគឺ ២,០៦៤.៨ ដុល្លារក្នុងមួយតោន កើនឡើង ៦.៧% ពីមួយឆ្នាំទៅមួយឆ្នាំហើយការនាំចូលភាគច្រើនជាផ្លែស្វាយស្រស់ និងកក។

បើនិយាយពីបរិមាណវិញប្រទេសវៀតណាម គឺជាទីផ្សារនាំចូលផ្លែស្វាយធំជាងគេទី១២ សម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលនេះពោលគឺស្មើនឹង ០.៣% នៃចំនួនសរុប។ ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសបាននិយាយថា តំរូវការផ្លែស្វាយជាពិសេសផ្លែឈើស្រស់នៅសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីពង្រីកខ្លួន។ ប៉ុន្តែទោះយ៉ាងណាពួកគេត្រូវធានាឱ្យបាននូវរាល់ស្តង់ដារតឹងរឹងលើកសិកម្ម ការវេចខ្ចប់ និងការស្វែងរកប្រភពដើម។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមបាននាំចេញស្វាយដំបូងរបស់ខ្លួនទៅសហរដ្ឋអាមេរិកកាលពីខែមេសាឆ្នាំមុន ហើយការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក គឺជាចំណុចដ៏កម្រមួយនៅក្នុងសេណារីយ៉ូនៃការនាំចេញផ្លែឈើដែលកំពុងធ្លាក់ចុះរបស់ប្រទេសនេះ ដោយសារ​តែការរីករាលដាលនៃវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress