ទោះជួបគ្រោះទឹកជំនន់ និងជំងឺកូវីដ តែសកម្មភាពការងារសាងសង់ ជួសជុល និងថែទាំ ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុនៅតែបន្តមិនឈប់ឈរឡើយ
សេដ្ឋកិច្ច November 14, 2020 Khmernote

យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានបង្ហាញថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងអង្គភាព និងក្រុមហ៊ុនពាក់ព័ន្ធ នៅតែបន្តសកម្មភាពការងារសាងសង់ ជួសជុល និងថែទាំ ផ្លូវថ្នល់ក្នុងខេត្តមិនឈប់ឈរឡើយ ទោះបីជាជួបបញ្ហាជាច្រើនរាប់មិនអស់ដែលជាឧបសគ្គ ជាក់ស្ដែងផុតគឺពីគ្រោះទឹកជំនន់មិនទាន់បានប៉ុន្មានផង ជំងឺកូវីដក៏មកដល់ទៀត​។

តាមប្រភពដដែលបានបញ្ជាក់ដូច្នេះថា ការងារសាងសង់នៅតែបន្ត ហើយធ្វើការជួសជុលថែទាំលើស្នាមប្រេះ លុបជង្ហុកសំបុកមាន់ លើកំណាត់ផ្លូវជាតិលេខ៤ ដោយអ៊ុតក្រាលបេតុងកៅស៊ូ (AC) និងធ្វើការជួសជុលលើកកម្រិត ផ្លូវក្រុងលេខ ១០៤ និងលេខ ២០០ ផងដែរ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ។ សកម្មភាពទាំងអស់នេះ បង្ហាញឲ្យឃើញថា ក្រសួងកំពុងខិតខំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែងាយស្រួលជាងមុនក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន