ការនាំចេញ​ម្រេច​កំពត​ ទៅកាន់ពិភពលោកនៅតែមាន​ស្ថិរភាព​បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ
សេដ្ឋកិច្ច November 13, 2020 Chan Sreyny

​ការនាំចេញ​ម្រេច​កំពត ​ទៅកាន់​ទីផ្សារ​នៅលើ​ពិភពលោក​នៅតែមាន​ស្ថិរភាព​ ខណៈ​កូ​វីដ-១៩ បាន​បន្ត​រីក​​រាលដាល។​ ​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​មានប្រសាសន៍ថា ម្រេច​កំពត​ប្រមាណ​ជា​ង ៥០តោន ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង ​និង​តៃវ៉ាន់​។ ​​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា « ​ខ្ញុំ​អាច​និយាយបានថា​ ការនាំចេញ​មាន​ស្ថេរភាព​រវាង​ឆ្នាំមុន​ និង​ឆ្នាំនេះ​ប្រហែល ៥០ តោន​ »។​

​លោក ងួន ឡាយ បាន​មានប្រសាសន៍ថា ការនាំចេញ​ម្រេច​របស់​ខេត្តកំពត​មិនត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វីដ-១៩ នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ក្នុងស្រុក​វិញ​បាន​រង​ផលប៉ះពាល់​រួចហើយ​។ លោក​បន្ថែមថា​ « ទិន្នផល​ម្រេច​ដែលមាន​តម្លៃរបស់​យើង​គឺ​ពី ៧០តោន ទៅ ៨០តោន ​ក្នុង​មួយឆ្នាំ ហើយ​យើង​បាន​នាំចេញ​ជា​រៀងរាល់ឆ្នាំ​ប្រហែល ៥០ តោន​នៅសល់​ប្រហែល ២០តោន ទៅ ៣០តោន​ យើងលក់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​មកលេង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ឆ្នាំនេះ​មិនមាន​ភ្ញៀវទេសចរ​ »។​

​ម្រេច​កំពត ​ត្រូវបាន​បញ្ជាក់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា (GI) តាំងពី​ឆ្នាំ ២០១៦ ហើយ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ប៉ុន្តែ​កម្ពុជា​អាច​ដាំ​ម្រេច​នៅតាម​តំបន់​ផ្សេងៗ​នៃ​ប្រទេស ​ដូច្នេះ​សរុបមក​កម្ពុជា​អាច​ផលិត​ម្រេច​បាន​ច្រើន​សម្រាប់​នាំចេញ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំនេះ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ម្រេច​ចំនួន ៤,១២១.៩៥តោន​ កើនឡើង​ចំនួន ១២៣.៧៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

គួរឱ្យដឹងផងដែរថា ​ម្រេច​កម្ពុជា ​ត្រូវបាន​នាំ​ចេញទៅ ២១ ប្រទេស ​និង​ដែនដី​រួមមាន៖ ​ប្រទេស​ជប៉ុន ប៊ែ​ល​ហ្សិ​ក ហូ​ឡង់ បារាំង​អាល្លឺម៉ង់ ស្វ៊ី​ស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡា​រុស្ស កូរ៉េ សាធារណរដ្ឋ​ឆែក ណូ​វែ​ល​សេ​ឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហ​បុរី អូស្ត្រាលី និង​តៃវ៉ាន់​៕

ប្រភព៖ ក្រសួងព័ត៌មាន