ការនាំចេញសរុបរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ បើទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការនាំចេញសរុបរបស់ប្រទេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ មានតម្លៃ ១៣.២ ពាន់លានដុល្លារអាមេរិកកើនឡើង ១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះផងដែរទីផ្សារសំខាន់ៗនៃផលិតផលកម្ពុជា គឺសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ថៃ ចិន និងវៀតណាម ដោយចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤,៨២៨ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង ២២%។
ទន្ទឹមនឹងនេះផលិតផលកម្ពុជាប្រមាណ ១,២០៨ លានដុល្លារត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ពោលគឺធ្លាក់ចុះ ៥.៦% ពីតួលេខក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ។ ដោយឡែកសម្រាប់ការនាំចេញទៅប្រទេសថៃមានតម្លៃ ៩៥៨ លានដុល្លារ ពោលគឺធ្លាក់ចុះ ៤៨% ក្នុងរយៈពេលដូចគ្នា។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១៤.៥៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ១២.៧% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន


