រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ
សេដ្ឋកិច្ច November 11, 2020 Chan Sreyny

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យបានឱ្យដឹងថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មដែលមានអនុភាព ២៦៥មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា។

លោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មកដល់ពេលនេះគម្រោងសាងសង់រោងចក្រធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនី ដែលមានអនុភាពថាមពល ២៦៥មេកាវ៉ាត់ សម្រេចបានជាង ៦០% ហើយ។ ក្រោយសាងសង់រួចរាល់ រោងចក្រនេះអាចផ្តល់ថាមពលអគ្គិសនីគ្របដណ្តប់ទាំងក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប។

លោកបានឱ្យដឹងថា តាមផែនការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ គម្រោងនឹងដាក់ឱ្យដំណើរការជំហានទី១ ចំនួន ១៣០មេហ្គាវ៉ាត់សិន ខណៈដែលចុងនៅឆ្នាំ ២០២២ អាចនឹងដាក់ដំណើរទាំងស្រុងតែម្ដង។ លោកបន្តថា បច្ចុប្បន្ននេះខាងអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់ និងពន្លឿនការសាងសង់ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

លោកបានអះអាងថា នៅពេលដែលរោងចក្រនេះសាងសង់រួចរាល់ ខេត្តឧត្តរមានជ័យនឹងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។ លោក​បញ្ជាក់ថា​ « ដូចបានដឹងហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល គុណប្រយោជន៍ទី១ គឺមិនខ្វះខាតភ្លើងដែលត្រូវទិញពីក្រៅប្រទេស ទី២ ការប្រើប្រាស់អគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មត្រូវយកធ្យូងថ្មក្នុងស្រុកដើម្បីប្រើប្រាស់ ហើយនឹងបានជួយដល់ក្នុងសហគមន៍មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ »។

លោកបានឱ្យដឹងថា ចំពោះវិស័យអគ្គិសនីនិងថាមពលធ្យូងថ្មដែលមានកម្លាំង ២៦៥មេហ្គាវ៉ាត់ នេះក្រសួងរ៉ែ និងថាមពលបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនអគ្គិសនីក្នុងការកែច្នៃ និងផ្គត់ផ្គង់ស្របទៅតាមច្បាប់ត្រឹមត្រូវ។

សូមបញ្ជាក់ថា រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃមានកម្តៅប្រហែលជាង ៣០០០កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ អាចបម្រើវិស័យអគ្គិសនី និងថាមពលទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាប៕

ប្រភព៖ ក្រសួងព័ត៌មាន