យោងតាមស្ថិតិពីបណ្តាខេត្តដែលរងផលប៉ះពាល់បានឱ្យដឹងថាព្យុះ Molave ដែលបានបោកបក់នៅកណ្តាលប្រទេសវៀតណាមកាលពីចុងខែតុលាបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចប្រមាណ ១០ លានលានដុង (៤៣០.១៦ លានដុល្លារអាមេរិក)។ ការខូចខាតនេះមានចំនួនជិត ១.៥ ដង ខ្ពស់ជាងការខាតបង់ដោយគ្រោះមហន្តរាយធម្មជាតិសរុបក្នុងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ចំនួន ៣០២.៦ លានដុល្លារដែលភាគច្រើនដោយសារទឹកជំនន់ព្យុះ និងការបាក់ដី។
ព្យុះ Molave ជាព្យុះមួយដែលមានឥទ្ធិពលបំផុតបានវាយប្រហារប្រទេសវៀតណាម និងធ្វើឱ្យមានការបាក់ដីនៅលើខេត្ត Quang Nam និងខេត្ត Quang Ngai កាលពីពេលកន្លងទៅនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីដែលបណ្តាលឱ្យមនុស្សស្លាប់នៅក្នុងតំបន់កណ្តាល ដែលត្រូវបានបំផ្លាញដោយព្យុះជាច្រើន និងទឹកជំនន់ជាប្រវត្តិសាស្ត្រ។

យ៉ាងហោចណាស់មនុស្ស ៣៣ នាក់ត្រូវបានសម្លាប់ និង ៤៩នាក់ទៀតបានបាត់ខ្លួន ហើយផ្ទះជាង ៧២០ បានដួលរលំ និង ១៧៦,៧៩០ ខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ នេះបើយោងតាមគណៈកម្មាធិការដឹកនាំដើម្បីការពារ និងត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិ។ ដោយសារតែផលប៉ះពាល់របស់ Molave ខេត្ត Quang Nam ដែលជាទីប្រជុំជននៃទីក្រុងបុរាណ Hoi An ត្រូវបានរងការវាយប្រហារដោយទឹកភ្លៀងដែលមានកំពស់រហូតដល់ ៥០០ មីលីម៉ែត្រនៅថ្ងៃទី ២៨-២៩ ខែតុលា។ បន្ទាប់មកការរអិលបាក់ដីជាច្រើនបានកើតឡើងនៅតំបន់ភ្នំដែលជាតំបន់ក្រីក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់និង ២៣ នាក់ផ្សេងទៀតបានបាត់ខ្លួន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


