ត្រឹមរយៈពេល ៦ ខែការបាត់បង់ការងារនៅកូរ៉េខាងត្បូងកើនឡើងក្នុងកម្រិតខ្ពស់បំផុត
សេដ្ឋកិច្ច November 11, 2020 Chan Sreyny

ទិន្នន័យការិយាល័យស្ថិតិកូរ៉េខាងត្បូងបានបង្ហាញថា ការបាត់បង់ការងាររបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែខណៈពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។

យោងតាមស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនអ្នកធ្វើការមានចំនួន ២៧,០៨៨,០០០នាក់ ក្នុងខែតុលា ធ្លាក់ចុះ ៤២១,០០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានកត់សម្គាល់ថាការធ្លាក់ចុះនេះគឺលឿនបំផុតចាប់តាំងពីខែមេសា។

ការបាត់បង់ការងារបានបន្តអស់រយៈពេល ៨ ខែហើយ ដោយមានការធ្លាក់ចុះ ១៩៥,០០០នាក់ ក្នុងខែមីនា ៤៧៦,០០០នាក់ ក្នុងខែមេសា ៣៩២,០០០នាក់ ក្នុងខែឧសភា ៣៥២,០០០នាក់ នៅខែមិថុនា ២៧៧,០០០នាក់ ក្នុងខែកក្កដា ២៧៤,០០០នាក់ ក្នុងខែសីហា និង ៣៩២,០០០នាក់ ក្នុងខែកញ្ញា។

ចំនួនអ្នកអត់ការងារធ្វើមានចំនួន ១,០២៨,០០០នាក់ នៅក្នុងខែតុលា កើនឡើង ១៦៤,០០០នាក់ បើធៀបនឹងឆ្នាំមុន។ គួរឱ្យដឹងផងដែរថា អត្រាគ្មានការងារធ្វើបានកើនឡើង ០.៧% ក្នុងមួយឆ្នាំដល់ ៣.៧% នៅក្នុងខែតុលា ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០០ ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet