អូស្រ្តាលីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនសម្រាប់ប្រទេសអាស៊ី រួមទាំងផ្នែកខ្លះនៃប្រទេសចិនបន្ទាប់ពីប្រទេសនេះមិនបានកត់ត្រាករណីឆ្លងថ្មីក្នុងតំបន់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ហើយខណៈពេលដែលទីក្រុង Canberra កំពុងព្យាយាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយត្រូវរងការវាយប្រហារដោយវីរុស Covid-19។ នេះបើយោងតាមប្រសាសន៍របស់លោក Scott Morrison នៅថ្ងៃអង្គារទី ១០ ខែវិច្ឆិកានេះ។
លោកនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មាននៅ Canberra ថា៖ « យើងកំពុងពិនិត្យមើលថាតើការរៀបចំបែបណា ដែលអាចនាំភ្ញៀវទេសចរមក តាមរយៈការរៀបចំដាច់ដោយឡែកសម្រាប់ប្រទេសដែលមានហានិភ័យទាប »។ ដោយប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្រទេសអូស្ត្រាលីបានរឹតត្បិតការចូល។
ការពិចារណាលើការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរកើតឡើងនៅពេលដែលលោក Morrison បាននិយាយថា ប្រទេសអូស្រ្តាលីមិនបានកត់ត្រាករណីឆ្លងវីរុសថ្មីនៅក្នុងតំបន់អស់រយៈពេល ៣ ថ្ងៃ។ លោកបានបន្តថា អូស្រ្តាលីនៅតែបដិសេធការចូលពីសហរដ្ឋអាមេរិក ឬ អឺរ៉ុប ប៉ុន្តែបានអនុញ្ញាតឱ្យប្រជាជនពីកន្លែងដែលមានហានិភ័យទាបដូចជា តៃវ៉ាន់ ជប៉ុន សិង្ហបុរី និងខេត្តនានានៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

ការធ្វើឱ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ គឺជាការជំរុញដែលត្រូវការជាចាំបាច់ដល់សេដ្ឋកិច្ចអូស្រ្តាលីដែលបានធ្លាក់ចុះ ៧% ក្នុងរយៈពេល ៣ ខែ ដែលបានបញ្ចប់នៅក្នុងខែមិថុនា ការធ្លាក់ចុះនេះជាចំនួនច្រើនបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៩៥៩ ។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា វិស័យទេសចរណ៍ក្នុងឆ្នាំ២០១៩ មានចំនួន ៣.១% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសដែលបានរួមចំណែកជិត ៦១ ពាន់លានដុល្លារអូស្ត្រាលី (៤៤.៤២ ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ច។

ជាមួយគ្នានេះដែរទោះបីជាប្រជាជនអូស្រ្តាលីជាច្រើនកំពុងឈប់សម្រាកនៅតាមមូលដ្ឋានក៏ដោយ ក៏ប្រតិបត្តិករទេសចរណ៍ជាច្រើនកំពុងតស៊ូ និងត្រូវបានបង្ខំឱ្យបញ្ឈប់បុគ្គលិកដែរ។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថាភាពអត់ការងារធ្វើបានកើនឡើងដល់ ៦.៩% នៅក្នុងខែកញ្ញា។ គួរបញ្ជាក់ផងដែរថា ប្រទេសអូស្រ្តាលីកាលពីខែមីនាបានបិទព្រំដែនរបស់ខ្លួនចំពោះអ្នកដំណើរដែលមិនមែនជាពលរដ្ឋ និងអ្នករស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេស ទោះបីជានៅក្នុងខែតុលាទីក្រុងកង់បេរ៉ាអនុញ្ញាតឱ្យប្រជាជននូវែលសេឡង់ចូលក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


