គណៈរដ្ឋមន្រ្តីថៃ យល់ព្រមលើគម្រោងធានាតម្លៃអង្ករសម្រាប់កសិករ ដោយសារធ្លាក់ចុះនៃការនាំចេញ
សេដ្ឋកិច្ច November 10, 2020 Chan Sreyny

ឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្លៃអង្ករផ្កាម្លិះ ដោយសារការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ដោយសារវិបត្តិជំងឺ Covid-19 គណៈរដ្ឋមន្រ្តីថៃបានផ្តល់នូវផែនការឆ្ពោះទៅរកការធានាតម្លៃស្រូវសម្រាប់កសិករ ដែលនឹងប្រមូលផលស្រូវរបស់ពួកគេនៅចុងបញ្ចប់នៃរដូវវស្សា។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Ratchada Dhnadirek បាននិយាយនៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកានេះថា តាមគ្រោងការណ៍តម្លៃស្រូវក្នុងមួយតោននឹងត្រូវបានធានាក្នុងតម្លៃ ១៥,០០០ បាតសម្រាប់អង្ករផ្កាម្លិះ ១៤,០០០ បាតសម្រាប់អង្ករផ្កាម្លិះក្រៅរដូវ ១០,០០០ បាតសម្រាប់អង្ករធម្មតា ១១,០០០ បាតសម្រាប់អង្ករផាធុនថានី និង ១២,០០០ បាតសម្រាប់អង្ករស្អិត។

គណៈរដ្ឋមន្រ្តីក៏បានយល់ព្រមផងដែរ នូវគម្រោងនានាដើម្បីជម្រុញកសិករ សហករណ៍ ស្ថាប័នកសិកម្ម ក៏ដូចជាឈ្មួញអង្ករឱ្យស្តុកទុកអង្ករដើម្បីរក្សាស្ថិរភាពតម្លៃទីផ្សារ។ ក្រសួងកសិកម្ម និងសហករណ៍រំពឹងថា នឹងអាចផលិតស្រូវបានច្រើននៅឆ្នាំនេះដោយសារការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ ប្រការនេះ អាចធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះបន្ទាប់ពីវាឡើងខ្ពស់កាលពីមួយឆ្នាំ ឬពីរឆ្នាំមុនដោយសារគ្រោះរាំងស្ងួត។

ការកាត់បន្ថយតម្លៃនេះ ក៏នឹងធ្វើឱ្យវាកាន់តែមានការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក ហើយគួរតែនាំឱ្យមានការនាំចេញខ្ពស់នៅឆ្នាំក្រោយ។ គេរំពឹងថា ការបញ្ជាទិញកាន់តែច្រើននឹងមកពីប្រទេសអូស្ត្រាលី និងអាហ្វ្រិក។

គួរឱ្យដឹងផងដែរថា គណៈកម្មាធិការគោលនយោបាយ និងការគ្រប់គ្រងស្រូវបានអនុម័តលើយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៥ របស់រដ្ឋាភិបាលដែលផ្តោតលើការផលិតស្រូវស្របតាមតម្រូវការទីផ្សារ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand