ប្រជាជនជប៉ុនជាង ៧ ម៉ឺននាក់បាត់បង់ ឬជិតបាត់បង់ការងារដោយសារកូវីដ១៩
សេដ្ឋកិច្ច November 10, 2020 Chan Sreyny

យោងតាមក្រសួងការងាររបស់ជប៉ុនបានឱ្យដឹងថា ប្រជាជនជាង ៧ ម៉ឺននាក់នៅក្នុងប្រទេសជប៉ុនបានបាត់បង់ ឬជិតបាត់បង់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ ក្រសួងការងារជប៉ុន កំពុងពិនិត្យករណីបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ ឬមិនទាន់មានកិច្ចសន្យាបន្តទៀតព្រោះថៅកែរបស់ពួកគេកំពុងជួបការលំបាកក្នុងការធ្លាក់ចុះនូវអាជីវកម្ម។ ក្រុមមន្រ្តីជប៉ុនបានរកឃើញថា មានមនុស្សចំនួន ៧០,២៤២ នាក់បានប្រឈមមុខ ឬកំពុងប្រឈមនឹងភាពអត់ការងារធ្វើនៅចន្លោះខែមករា រហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា។

ទន្ទឹមនឹងនេះ ពួកគេជឿជាក់ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះព្រោះពួកគេរួមបញ្ចូលតែករណីដែលគេដក់ស្រង់ពីការិយាល័យការងារក្នុងតំបន់ និងការិយាល័យការងារសាធារណៈប៉ុណ្ណោះ។ ទិន្នន័យគិតត្រឹមថ្ងៃទី ៣០ ខែតុលា បានបង្ហាញថា វិស័យផលិតកម្មត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបាត់បង់ការងារចំនួន ១២,៩៧៩ ។

នៅក្នុងផ្នែកលក់រាយបុគ្គលិកចំនួន ៩,៣៧៨ នាក់ត្រូវបានបញ្ឈប់ ខណៈពេលដែលបុគ្គលិកសណ្ឋាគារចំនួន ៨,៦១៤ នាក់បានបាត់បង់ការងារ។ គួរឱ្យដឹងផងដែរថា មន្ត្រីក្រសួងកំពុងជំរុញឱ្យអាជីវកម្មរក្សាបុគ្គលិកលើប្រាក់ខែរបស់ពួកគេ តាមរយៈការប្រើប្រាស់កម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ ពួកគេក៏កំពុងផ្តល់ការគាំទ្រដើម្បីជួយអ្នកអត់ការងារធ្វើឱ្យរកការងារថ្មី៕

អត្ថបទ៖ នីតា
ប្រភព៖ nhk