ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។
យោងតាមស្ថិតិពីការិយាល័យ US Census Bureau របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ដែលកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤.៨ ពាន់លានដុល្លារទៅកាន់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកើនឡើង ២១% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលទំនិញមានតម្លៃសរុប ២៣២ លានដុល្លារធ្លាក់ចុះ ៤០% ។

មន្ដ្រីទទួលបន្ទុកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញលោក Arend Zwartjes បានមានប្រសាសន៍ថា កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការចូលទៅកាន់ទីផ្សារអាមេរិក ដោយមិនចាំបាច់បង់ពន្ធតាមរយៈកម្មវិធីអនុគ្រោះពន្ធទូទៅ (GSP) ។

លោកបន្តថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ហើយស្ថានទូតអាមេរិកនៅតែបន្តធ្វើការជាមួយរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជាដើម្បីជំរុញការលក់ផលិតផលអាមេរិកបន្ថែមទៀត សម្រាប់ពាណិជ្ជកម្មដែលមានតុល្យភាពដែលជាប្រយោជន៍ដល់ភាគីទាំងពីរ។

ទន្ទឹមនឹងនេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា (MOC) បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមកដល់ពេលនេះ មិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺ Covid-19 នោះទេ។

ប្រទេសកម្ពុជាភាគច្រើននាំចេញវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មទៅកាន់សហរដ្ឋអាមេរិកហើយនាំចូលយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។ គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ ៥.៩ ពាន់លានដុល្លារដែលកើនឡើង ៣៧ % ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


