រដ្ឋាភិបាលជប៉ុន បានសម្រេចពង្រីកទឹកប្រាក់ចំនួន ៣០០ លានយ៉េនប្រមាណ ២.៧ លានដុល្លារជាជំនួយឥតសំណង និង ២៥ ពាន់លានយ៉េនប្រមាណ ២២៧ លានដុល្លារជាប្រាក់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រគម្រោងចំនួន ២ ។
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅរសៀលនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានជំនួយឥតសំណងសម្រាប់ “ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ” នឹងគាំទ្រដល់នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃក្នុងការផ្គត់ផ្គង់សម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នទាំងនោះតាមរយៈការផ្តល់សម្ភារៈរួមទាំងយានយន្តសម្រាប់ការពារសន្តិសុខ ដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ គេរំពឹងថា សម្ភារៈទាំងនេះនឹងជួយឱ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសីទអន្ដរជាតិដែលនឹងមកដល់នឹងត្រូវធ្វើឡើងដោយសុវត្ថិភាព និងដំណើរការយ៉ាងរលូន។

សហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ីដែលជាប្រាក់កម្ចីទៅលើកម្មវិធី “ ជំនួយឧបត្ថម្ភបន្ទាន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺ Covid-19 ” គឺមានគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម និងការពារកិច្ចគាំពារសង្គម។

ឥណទាននេះ គឺបន្ថែមទៅលើជំនួយជាង ៥ ពាន់លានយ៉េន (ស្មើនឹង ៤៥ លានដុល្លារ) ឆ្លើយតបទៅនឹងជំងឺ Covid-19 ដែលផ្តល់ការស្តារនីតិសម្បទាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។

តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនៃប្រាក់កម្ចីនេះគេរំពឹងថា សេដ្ឋកិច្ច និងសង្គមកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សដោយសារតែការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ត និងការគាំទ្រផ្នែកសង្គមដល់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនរួមមានទាំងសហគ្រាសខ្នាតតូច និងមធ្យម៕
ប្រភព៖ ក្រសួងព័ត៌មាន


