ចិន ហាមឃាត់អ្នកធ្វើដំណើរដែលមកពីប្រទេសទាំងនេះ និងដាក់ចេញនូវការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុតដោយសារករណីឆ្លងជំងឺ Covid-19 កើនឡើងពាសពេញពិភពលោក
សេដ្ឋកិច្ច November 6, 2020 Chan Sreyny

ប្រទេសចិន បានហាមឃាត់អ្នកធ្វើដំណើរដែលមិនមែនជាជនជាតិចិនមកពីចក្រភពអង់គ្លេស បារាំង ប៊ែលហ្សិក ហ្វីលីពីន និងឥណ្ឌាដោយដាក់ចេញនូវការទប់ស្កាត់តឹងរ៉ឹងបំផុតនៃប្រទេសណាមួយ ដោយសារតែករណីឆ្លងជំងឺ Covid-19 បានកើនឡើងពាសពេញពិភពលោក។

សភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសចិនបាននិយាយថា « យើងមានការព្រួយបារម្ភដោយសារការពន្យាពេលនៃការប្រកាស និងបំរាមហាមឃាត់ការចូលហើយរង់ចាំការបញ្ជាក់បន្ថែមទៀតថា តើពេលណាវានឹងត្រូវដកចេញ »។

ការផ្អាកនេះ គឺជាការផ្លាស់ប្តូរផ្នែកខ្លះនៃការបន្ធូរបន្ថយមួយនៅថ្ងៃទី ២៨ ខែកញ្ញា នៅពេលដែលប្រទេសចិនបានអនុញ្ញាតឱ្យជនបរទេសទាំងអស់ដែលមានលិខិតអនុញ្ញាតស្នាក់នៅត្រឹមត្រូវចូល។ នៅក្នុងខែមីនា ប្រទេសចិនបានហាមឃាត់ការចូលរបស់ជនបរទេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ។

ទន្ទឹមនឹងនេះ មនុស្សជាច្រើនដែលគ្រោងធ្វើទស្សនកិច្ចនៅខែវិច្ឆិកា ទៅកាន់ប្រទេសចិនបានប្រញាប់ប្រញាល់កក់ជើងហោះហើរមុនពេលកំណត់ ដើម្បីបញ្ចៀសការរឹតត្បិតដែលអាចកើតមានដោយសារតែការចូលជាធរមានសម្រាប់ប្រទេសដទៃទៀតចាប់ពីថ្ងៃសុក្រ។

ចាប់ពីថ្ងៃសុក្រនេះ អ្នកដំណើរទាំងអស់មកពីសហរដ្ឋអាមេរិក បារាំង អាឡឺម៉ង់ និងថៃដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនដីគោក ត្រូវតែធ្វើតេស្តិ៍អាស៊ីដ និងតេស្តឈាមរកអង្គទីគ័រប្រឆាំងនឹងជំងឺ Covid-19 មិនលើសពី ៤៨ ម៉ោងមុនពេលឡើងយន្តហោះ។ ជើងហោះហើរដែលបានគ្រោងទុកសម្រាប់ថ្ងៃសុក្រ មិនត្រូវបានអនុវត្តដោយច្បាប់ថ្មីទេ ព្រោះអ្នកដំណើរនឹងត្រូវធ្វើតេស្តរបស់ពួកគេមុនថ្ងៃនោះតាមតម្រូវការមុន។

លើសពីនេះទៅទៀត ប្រទេសចិនក៏គ្រោងនឹងដាក់ចេញនូវតម្រូវការតេស្តទ្វេរដងលើអ្នកដំណើរពីប្រទេសអូស្ត្រាលី សិង្ហបុរី និងជប៉ុនចាប់ពីថ្ងៃអាទិត្យនេះ។ សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបនៅប្រទេសចិនបាននិយាយថា ការធ្វើតេស្តិ៍អង្គទីគ័រមិនមានច្រើនទេនៅក្នុងប្រទេសជាច្រើន។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរធំជាងគេរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្អាកសេវាកម្មដឹកជញ្ជូនអ្នកដំណើរដែលធ្វើដំណើរមកពី ២១ ប្រទេសដែលភាគច្រើនជាប្រទេសអាហ្វ្រិក និងអាស៊ីរួមទាំងប្រទេសឥណ្ឌា និងហ្វីលីពីន៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost