លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា តាមផែនការរបស់ខេត្តនៅឆ្នាំ ២០២១ គឺកែលម្អផ្លូវចូលតំបន់ភ្នំវល្លិ រៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោល និងកែលម្អកំពង់ផែទេសចរណ៍នៅកោះទន្សាយ។
លោកបានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីនេះខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈស្តង់ដារស្អាត ដោយមានការសាងសង់បន្ទប់ទឹក កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាកអង្គុយលំហែ សម្រាប់ភ្ញៀវទេសចរ ខណៈដែលតំបន់នោះគឺជាកន្លែងមួយមានសក្តានុពលខាងផ្នែកធនធានធម្មជាតិ។

លោកបានបន្ថែមទៀតថា ការរៀបចំផ្លូវប្របមាត់សមុទ្រពីទីរួមខេត្តដល់ឆ្នេរអង្កោលដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ជាឆ្នេរដែលមានខ្សាច់ធម្មជាតិសស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មីៗ។

លោកបញ្ជាក់ថា « កាលណាយើងពង្រីកផលិតផលទេសចរណ៍ក៏ដូចជាធ្វើផ្លូវឱ្យបានស្អាតពង្រីកតំបន់ឆ្នេរជាដើម វាបានជះឥទ្ធិពលល្អសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ និងងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារតាមរយៈគម្រោងអភិវឌ្ឍផែនការរបស់ខេត្ត។ ហើយទី២ បម្រើឱ្យផ្នែកទេសចរណ៍ ភ្ញៀវមកកម្សាន្តសប្បាយកុំឱ្យមកកកកុញតំបន់ឆ្នេរនៅក្នុងក្រុងតែមួយកន្លែង ព្រោះកន្លងមកកែបដឹងហើយតាមសារព័ត៌មាន បុណ្យទានម្តងៗភ្ញៀវមកកកកុញមកតំបន់ឆ្នេរលេងទឹកតែនៅក្នុងក្រុងហ្នឹង យុទ្ធសាស្រ្តរបស់ខេត្តគឺពង្រីកឆ្នេរបន្ថែម ១ ទៅ ២ បន្ថែមទៀត ពិសេសគឺឆ្នេរអង្កោលដែលមានសក្តានុពលខ្លាំងគឺនឹងត្រៀមកែលម្អតំបន់ឆ្នេរនោះមានហេដ្ឋារចនាសម្ព័ន្ធ មានបន្ទប់ទឹក មានសួនកម្សាន្ត មានតូបសម្រាប់ឱ្យប្រជាពលរដ្ឋ អាជីវករនៅសហគមន៍ហ្នឹងមានការលក់ដូរដូចឆ្នេរនៅក្នុងក្រុងដែរ »។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២០ នេះខេត្តកែបទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាន ៣សែននាក់ ខណៈដែលកាលពីបុណ្យអុំទូកកន្លងទៅខេត្តនេះទទួលបានភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺននាក់៕
ប្រភព៖ ក្រសួងព័ត៌មាន


