សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ១០ ខែដំបូងនៃឆ្នាំ ២០២០ ចំណូលពីការនាំចេញអង្ករកម្ពុជាកើនឡើងប្រមាណជាជិត ២០% ។
ប្រភពដដែលបានអះអាងថា គិតត្រឹមរយៈពេល ១០ ខែនៃឆ្នាំ ២០២០ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករទៅក្រៅប្រទេស មានការកើនឡើងជិត ៤៧ លានដុល្លារសហរដ្ឋអាមេរិក ដែលកំណើននេះស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ប្រភពដដែលបានបញ្ជាក់ថា « ជារួមទឹកប្រាក់សរុបដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ក្នុងរយៈពេល ១០ ខែមានចំនួន ៣៦៦.៤៤ លានដុល្លារសហរដ្ឋអាមេរិក ហើយការនាំចេញក្នុង ១០ ខែនេះ ក៏មានការកើនឡើងជិត ២០% ផងដែរ »។ នៅក្នុងរយៈពេល ១០ ខែនេះបរិមាណនៃការនាំចេញអង្ករគឺមានចំនួន ៥៣៦,០៣៥ តោនកើនឡើង ១៧.១១% ។

ទីផ្សារអង្ករកម្ពុជា គឺទៅកាន់ចិនដោយរួមទាំងហុងកុង ម៉ាកាវ និងតៃវ៉ាន់ គឺមានចំណែក ៣៦% ២៧ ប្រទេសនៅសហគមន៍អឺរ៉ុប ៣២% អាស៊ានមាន ៦ ប្រទេសចំនួន ១៣% ប្រទេសចំនួន ១០ នៅអាហ្វ្រិកចំនួន ៩% ប្រទេសនៅអូសេអានី ដូចជាអូស្ត្រាលី និង ណូវែលហ្សេឡង់ ចំនួន ៦% និងបណ្តាដែនដីកោះនៅក្រោមការគ្រប់គ្រងរបស់បារាំង និងអាមេរិកបាន ២% ហើយបណ្តាប្រទេសនៅអាមេរិកខាងជើង និងទ្វីបអាស៊ី-មជ្ឈឹមបូព៌ាមានចំណែកប្រមាណជា ២% ដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន


