ភ្ញៀវទេសចរបរទេសសរុបប្រមាណជាជាង ១០០ សញ្ជាតិបានបន្តមកកំសាន្តកម្ពុជា ទោះបីជាពិភពលោកកំពុងតែរាតត្បាតដោយសារតែជំងឺកូវីដ-១៩ ក៏ដោយ។
របាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា ទោះបីជាចំនួនភ្ញៀវទេសចរថយចុះជាអតិប្បរមាដោយសារតែវិបត្តិកូវីដ-១៩ នេះក៏ដោយចុះ ប៉ុន្តែបើនិយាយអំពីពលរដ្ឋនៅលើពិភពលោក ដែលមកកំសាន្តនៅកម្ពុជាគឺហាក់នៅតែដដែលទេ ពោលគឺនៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះគឺមានប្រមាណជាជាង ១០០ សញ្ជាតិ។ ភ្ញៀវទេសចរបរទេសមកលេងសរុបនៅកម្ពុជានៅរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ នេះគឺធ្លាក់ចុះ ៧៤.១% ពោលគឺថយចុះមកនៅត្រឹមតែ ១,២៤៧,៦៨០ នាក់ប៉ុណ្ណោះ។

តួរលេខបានបង្ហាញថា គ្រប់ជនជាតិដែលមកលេងកំសាន្តនៅកម្ពុជាគឺថយចុះគ្មានប្រទេសណាទាបជាង ៣០% ទេប៉ុន្តែមានតែពលរដ្ឋនៅក្នុងប្រទេសហ្គាណាមួយគត់ ដែលធ្លាក់ចុះត្រឹមតែ ០.៨% ។ ជាការពិតអ្នកទេសចរមកពីប្រទេសនេះ គឺមិនច្រើនទេគឺត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះកាលពីឆ្នាំ ២០១៩ ហើយមកដល់ ៩ ខែនៃឆ្នាំ ២០២០ គឺបានមកកម្ពុជាប្រមាណជា ២៥៤ នាក់ដូច្នេះភាគរយនៃការថយគឺត្រឹមតែ ០.៨% ។

ទាក់ទិននឹងកូវីដ-១៩ មកដល់ពេលនេះកម្ពុជាបានរកឃើញករណីឆ្លងសរុប ២៩២ នាក់នៅក្នុងនោះពលរដ្ឋកម្ពុជាមាន ១៨២នាក់ បារាំង ៤៥នាក់ ចិន ១៨នាក់ ម៉ាឡេស៊ី ១៣នាក់ ឥណ្ឌូនេស៊ី ៩នាក់ អាមេរិក ៧នាក់ អង់គ្លេស ៦នាក់ វៀតណាម ៣នាក់ កាណាដា ៣នាក់ បែលហ្សិកម្នាក់ ឥណ្ឌា ២នាក់ ក្រៅពីនោះគឺកាហ្សាក់ស្ថាន ហុងគ្រី និង ប៉ូឡូញម្នាក់ៗ។

គួរឱ្យដឹងផងដែរថា នៅក្នុងចំណោមអ្នកដែលឆ្លងគឺ ៩៦.៩២% ជាសះស្បើយហើយសំខាន់គឺកម្ពុជានៅមិនទាន់មានអ្នកស្លាប់ដោយសារតែជំងឺនេះនៅឡើយទេ៕
ប្រភព៖ ក្រសួងព័ត៌មាន


