ធនាគារពាណិជ្ជកម្មធំៗរបស់ថៃ បានសន្យាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈពេលដែលសេដ្ឋកិច្ចរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ។ សមាគមពាណិជ្ជកម្មថៃ នឹងជួយសហគ្រាសធុនតូច និងមធ្យមដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុល ក៏ដូចជាជួយដល់ម្ចាស់បំណុលបង្កើនសមត្ថភាពក្នុងការសងបំណុល។
លោក Manop Sangiambut អនុប្រធានប្រតិបតិ្តទី១ មកពីធនាគារ Thai Siam Commercial Bank (SCB) បានមានប្រសាសន៍ថា ប្រាក់កម្ចីមិនដំណើរការត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែសេដ្ឋកិច្ចមិនទាន់បានវិលត្រឡប់ទៅរកកំណើននៅឡើយ។ លោកបានបន្ថែមថា ឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់ខ្លាំងបំផុត ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺ Covid-19 ។

ទន្ទឹមនឹងនេះ លោក Pipatpong Poshyanonda ប្រធានធនាគារថៃ Kasikornbank បានមានប្រសាសន៍ថា ធនាគាររបស់លោកនឹងមិនផ្តោតលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតនោះទេ ប៉ុន្តែផ្តោតលើការជួយកូនបំណុលបង្កើនសមត្ថភាពក្នុងការសងបំណុល។

លើសពីនេះទៀត លោក Payong Srivanich ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ Thai Krungthai Bank បាននិយាយថា សហគ្រាសធុនតូច និងមធ្យមនៅមានភាពផុយស្រួយ ខណៈពេលដែលបំណុលមិនល្អនឹងមិនផ្លាស់ប្តូរច្រើនទេ ហើយធនាគាររបស់លោកនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលជាជាងកំណើនប្រាក់កម្ចី។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃអង្គារ ទី ៣ ខែវិច្ឆិកា ប្រទេសថៃមានចំនួនអ្នកវិជ្ជមានជំងឺ Covid-19 សរុប ៣,៧៩៧ នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


