តំបន់ទេសចរណ៍ធម្មជាតិ ៣ កន្លែងនៅខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់ទាំងនោះ
ទេសចរណ៍ November 3, 2020 Chan Sreyny

រដ្ឋបាលស្រុកជីក្រែង សហការជាមួយប្រជាសហគមន៍នៅតាមមូលដ្ឋាននានា បានបង្កើតឱ្យមានកន្លែងទេសចរណ៍សំខាន់ៗចំនួន ៣ កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់របស់ខ្លួន។

លោក ធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា តំបន់ទេសចរណ៍ទាំង៣កន្លែងនោះមាន ទំនប់ម្កាក់ ទំនប់ខ្សាក និងរមណីយដ្ឋានចំការដូងអូរមាស ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅកម្សាន្តជាប្រចាំ ព្រោះថាទីនោះមានទេសភាពស្អាតអមទៅដោយតំបន់ភ្នំជាច្រើន ផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងមានខ្យូសបណ្តែតទឹកសម្រាប់បម្រើជូនភ្ញៀវទៀតផង។

លោកបន្តថា អាជ្ញាធរស្រុកបានជំរុញសហគមន៍ទាំងអស់ធ្វើយ៉ាងណាខិតខំផ្គត់ផ្គង់ម្ហូបអាហារ ដែលជាផលិតផលក្នុងតំបន់ផ្ទាល់ និងមានតម្លៃសមរម្យដែលភ្ញៀវអាចទទួលយកបាន រួមជាមួយនឹងការថែរក្សាអនាម័យបរិស្ថាន ដែលទាក់ទាញភ្ញៀវទៅលេងម្តងហើយចង់ទៅលេងម្តងទៀត។

លោកមានប្រសាសន៍ថា ទំនប់ខ្សាក រមណីយដ្ឋានចំការដូងអូរមាសមានកន្លែងអង្គុយលេងស្ទូចត្រី ស្ថិតនៅភូមិត្រពាងធ្នួស ឃុំពង្រលើ ដោយផ្សារភ្ជាប់នឹងខ្សាកវត្តពើង។ ខ្ញុំបានជំរុញឱ្យឃុំ និងសហគមន៍សហការណ៍គ្នាលក់ម្ហូបអាហារ ត្រូវលក់ម្ហូបអាហារនៅក្នុងសហគមន៍តែម្តង។

គួរជម្រាបផងដែរថា ស្រុកជីក្រែង​ មានឃុំចំនួន ១២ មានចំងាយប្រមាណជាង ៦០គីឡូម៉ែត្រពីក្រុងសៀមរាប ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ស្រុកនេះក៏មានសក្តានុពលវិស័យកសិកម្មជាចម្បងទី១ លើការដំាដុះដំណាំស្រូវ និងដំណាំរួមផ្សំផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន