យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរដែលបានចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា បានបង្ហាញថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គររកចំណូលបានត្រឹមតែ ១៨,៥៤៩,៩០៥ ដុល្លារអាមេរិកពីការលក់សំបុត្រ ធ្លាក់ចុះ ៧៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្តឲ្យដឹងថា សំបុត្រនោះត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៩៨,៤៨៥ នាក់ ដែលបង្ហាញពីការធ្លាក់ចុះ ៧៧.៩១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកក្នុងខែតុលាតែមួយ មានភ្ញៀវទេសចរបរទេសតែ ២,២៤៤ នាក់ប៉ុណ្ណោះ បានមកទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៩៨.៤១% ដោយរកចំណូលបាន ៩៣,៥៩៨ ដុល្លារ ធ្លាក់ចុះ ៩៨.៥៣%។ គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែបន្តរាលដាលនៅជុំវិញពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


