រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសនូវគំនិតផ្តួចផ្តើមស្តីពីការទទួលថ្នាំបង្ការ និងសន្តិសុខក្នុងតំបន់ចំនួន ៥០០ លានដុល្លារអូស្រ្តាលី (ជាង ៣៥០ លានដុល្លារ) ដើម្បីជួយប្រទេសនានានៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកឲ្យទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបតម្រូវការវ៉ាក់សាំងរបស់អាស៊ីអាគ្នេយ៍។ ប្រភពដដែលបានបញ្ជាក់ថា វានឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្តល់នូវវ៉ាក់សាំង ការវាយតំលៃសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែនការចាក់ថ្នាំបង្ការ។

រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីនិងជាសមាជិកព្រឹទ្ធសភាលោកស្រី Hon Marise Payne បានមានប្រសាសន៍ថា « ការចាក់វ៉ាក់សាំងឱ្យបានរហ័ស និងមានសុវត្ថិភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍មានន័យថា យើងអាចវិលត្រឡប់ទៅកាន់ការធ្វើដំណើរទេសចរណ៍ និងពាណិជ្ជកម្មធម្មតាវិញជាមួយដៃគូសំខាន់ៗរបស់យើងនៅក្នុងតំបន់ »។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា « នេះគឺជាសេចក្តីប្រកាសដ៏សំខាន់មួយ ដែលជំរុញឱ្យមានការចូលរួមយ៉ាងជ្រាលជ្រៅរបស់អូស្ត្រាលីនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា ហើយគួរតែដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺជំងឺ Covid-19 ដែលអនុម័តដោយអង្គការសុខភាពពិភពលោក »។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា គំនិតផ្តួចផ្តើមនេះផ្តោតលើការប្តេជ្ញាចិត្តចំនួន ៨០ លានដុល្លារអូស្រ្តាលី ចំពោះការប្តេជ្ញាចិត្តលើទីផ្សារបុព្វលាភ THEAX ដែលត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសកំពុងអភិវឌ្ឍឱ្យទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនដែលមានហានិភ័យខ្ពស់បំផុត។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការគាំទ្រវ៉ាក់សាំងនេះ គឺបន្ថែមទៅលើជំនួយអភិវឌ្ឍន៍ជាបន្តរបស់អូស្រ្តាលីសម្រាប់ការឆ្លើយតប និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់ថាអូស្ត្រាលីប្តេជ្ញាជួយប្រជាជនកម្ពុជាឱ្យទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ៕
ប្រភព៖ ក្រសួងព័ត៌មាន


