យោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹងលុបចោលបម្រាមរបស់ខ្លួនចំពោះអ្នកទេសចរបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង ប្រទេសចំនួន ៦ ផ្សេងទៀត និងកោះតៃវ៉ាន់ចាប់ពីខែវិច្ឆិកា សម្រាប់ការមកដល់របស់អ្នកទេសចរ។
ក្រុមមន្រ្តីបាននិយាយថា ប្រទេសអូស្រ្តាលី ប្រ៊ុយណេ ញូហ្សេឡែន សិង្ហបុរី ថៃ និងវៀតណាមក៏នឹងត្រូវដកចេញពីបញ្ជីហាមឃាត់ផងដែរ។ ដោយនេះជាលើកទី១ ហើយដែលប្រទេសជប៉ុនបានលុបចោលបំរាមរបស់ខ្លួនលើប្រទេស ឬតំបន់ណាមួយចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមដាក់ផ្នែកខ្លះនៃប្រទេសចិន រួមទាំងទីក្រុងវូហានដែលជាកន្លែងផ្ទុះឡើងនៃជំងឺ Covid-19 ដំបូងគេនៅក្នុងបញ្ជីហាមឃាត់។

ទោះជាយ៉ាងណា ប្រទេសជប៉ុននៅតែបន្តផ្អាកកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត និងកំណត់ការចេញទិដ្ឋាការថ្មីមានន័យថាក្នុងករណីភាគច្រើនអ្នកទេសចរនៅតែមិនអាចមកទស្សនាប្រទេសនេះបាន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា ការផ្លាស់ប្តូរនេះគឺមានគោលបំណងជួយសម្រួលដល់សកម្មភាពអាជីវកម្ម លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងការពារការកើនឡើងនៃជំងឺរាតត្បាតនេះ ខណៈពេលដែលលោកកំពុងដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោកមួយនេះឆ្ពោះទៅរកការងើបឡើងវិញ។

គួរឱ្យដឹងផងដែរថា ដើម្បីមានសិទ្ធិទទួលបានការលើកលែងនេះ អ្នកធ្វើដំណើរវិលត្រឡប់ត្រូវការក្រុមហ៊ុន ឬអង្គភាពដើម្បីទទួលខុសត្រូវក្នុងការចាត់វិធានការការពារជាមុនប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ៕
អត្ថបទ៖ នីតា
ប្រភព៖ kyodonews


