រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ « ទីក្រុងថ្មីលើទឹកដីសៀមរាបត្រូវរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ »
សេដ្ឋកិច្ច October 28, 2020 Khmernote

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ខេត្តសៀមរាប នឹងមានទីក្រុងថ្មីដែលត្រូវបានសាងសង់ឡើងដើម្បីជាគោលដៅទាក់ទាញទេសចរណ៍ ដោយទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ឯកឧត្តមបណ្ឌិត បានឲ្យដឹងដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬ សំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ហើយដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។

ទន្ទឹមនឹងនេះដែរ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ដោយឡែកចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី