ខេត្តសៀមរាប នឹងមានទីក្រុងសៀមរាបថ្មីដើម្បីទទួលស្វាគមន៍គម្រោងវិនិយោគធំៗ ដែលមិនអាចធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌
សេដ្ឋកិច្ច October 28, 2020 Khmernote

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍បានបង្ហាញផែនការបង្កើតទីក្រុងសៀមរាបថ្មី មានឈ្មោះថា « Grand Siem Reap » ដែលមានទីតាំងស្ថិតនៅជិតអាកាសយានដ្ឋានថ្មីកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារនៅរសៀលថ្ងៃចន្ទកន្លងទៅនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ « ទីក្រុងថ្មីដែលជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប នឹងត្រូវអភិវឌ្ឍទៅជាទីក្រុងវៃឆ្លាត តែទីក្រុងនេះនឹងត្រូវបានរចនាតាមស្ថាបត្យកម្មខ្មែរ។

ជាមួយគ្នានេះឯកឧត្តមពន្យល់ថា៖ « ការបង្កើត ទីក្រុងសៀមរាបថ្មី « Grand Siem Reap » គឺដើម្បីគាំទ្រដល់ក្រុងសៀមរាបចាស់ដែលមិនអាចផ្ទុកអាគារ ឬ សំណង់ខ្ពស់ៗ ដែលអាចប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ខណៈគម្រោងវិនិយោគធំៗ ចំនួន ២០ ត្រូវបានស្នើឡើងនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍សៀមរាប ២០២០-២០៣៥ »។

ទោះយ៉ាងណាកាលបរិច្ឆេទជាក់លាក់សម្រាប់គម្រោងចាប់ផ្តើមមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ដោយឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងថា ក្រុមការងារកំពុងសិក្សាគម្រោងលម្អិត។ ទាក់ទងនឹងផែនការនេះក្រសួងសាធារណការ និងដឹកជញ្ជូននឹងសាងសង់ផ្លូវចំនួន ៣៨ នៅក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសោភ័ណភាពរបស់ខេត្ត ក៏ដូចជាជួយភ្ជាប់ទីប្រជុំជនទៅតំបន់ជនបទផងដែរ៕

អត្ថបទ៖ លីនី