ដំណឹងល្អ! ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យស្នើសុំមកសាលាឃុំ/សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌សម្រាប់ទទួលបានថវិកាជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងវិបត្តិកូវីដ
សេដ្ឋកិច្ច October 28, 2020 Khmernote

ក្រសួងផែនការបានណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យ ស្នើសុំមកសាលាឃុំ/សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌ សម្រាប់ទទួលបានថវិកា ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩ នេះ។ នេះបើយោងតាមការចុះផ្សាយដោយ​ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម សម្រាប់គាំពារដល់ជនក្រីក្រ តាមរយៈការរៀបចំ និងដាក់អោយដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ច ។ លោកបានបន្តថា ប័ណ្ណសមធម៌នេះ បានផ្តល់នូវសេវាកម្មផ្សេងៗដូចជា៖ ការលើកកម្ពស់ជីវភាព ការព្យាបាល ដើម្បីធានានិរន្តរភាពជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការទទួលបានប័ណ្ណសមធម៌នេះ គឺបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃមួយកម្រិត តាមរយៈការទទួលបានប្រាក់ឧបត្ថម្ថ ពីរាជរដ្ឋាភិបាល។ សូមបញ្ជាក់ផងដែរថា នៅទូទាំងប្រទេសកម្ពុជា មានគ្រួសារក្រីក្រសរុបជិត ៧០ម៉ឺនគ្រួសារ ស្មើនឹងចំនួនមនុស្សជាង ២លាននាក់ ។ ទន្ទឹមនេះក្រសួងបាន អនុវត្តន៍វិលតាមជុំដោយសារតែមានគ្រួសារមួយចំនួន មានជីវភាពប្រសើរឡើងវិញហើយ ហើយត្រូវបានដកចេញពីបណ្ណក្រីក្របានចំនួនជាង ១ម៉ឺនគ្រួសារផងដែរ៕​

ប្រភព៖ ក្រសួងព័ត៌មាន