តម្លៃជ័រកៅស៊ូរបស់ថៃ អាចនឹងហក់ឡើងខ្ពស់លើសពីការរំពឹងទុក ខណៈពេលដែលតម្រូវការពីប្រទេសចិនកើនឡើង
សេដ្ឋកិច្ច October 28, 2020 Chan Sreyny

អាជ្ញាធរកៅស៊ូថៃប៉ាន់ប្រមាណថា តម្លៃកៅស៊ូអាចឡើងដល់ ១០០ បាត ( ៣.២១ ដុល្លារ) ក្នុងមួយគីឡូក្រាមនាពេលឆាប់ៗនេះ ពោលគឺខ្ពស់ជាងតម្លៃធានារបស់រដ្ឋាភិបាលបន្ទាប់ពីប្រទេសផលិតកៅស៊ូជាច្រើនបានរងការជន់លិចស្របពេលដែលតម្រូវការពីប្រទេសចិនបានកើនឡើង ដោយសារតែរដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសនេះលើកកម្ពស់ការប្រើប្រាស់យានយន្តធុនតូច។

មូលហេតុនៃការកើនឡើងតម្លៃកៅស៊ូ គឺការកាត់បន្ថយទិន្នផលដោយសារតែទឹកជំនន់ជាពិសេសនៅភាគខាងត្បូងប្រទេសចិន និងវៀតណាមដែលបានជះឥទ្ធិពលដល់ប្រទេសជាច្រើនដែលផលិតកៅស៊ូ។ ប្រទេសថៃក៏បានរាយការណ៍ថា ប្រហែលជា ១០% នៃទិន្នផលកៅស៊ូទាបជាងធម្មតាដោយសារតែមានភ្លៀងធ្លាក់ជាញឹកញាប់នៅភាគខាងត្បូង ដែលបានរារាំងកសិករពីការប្រមូលផលជ័រ។

លើសពីនេះទៀត តម្រូវការកៅស៊ូនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាលក្នុងតំបន់បានចាប់ផ្តើមលើកកម្ពស់ការប្រើប្រាស់រថយន្តធុនតូច ដែលជំរុញឱ្យក្រុមហ៊ុនផលិតសំបកកង់បង្កើនបរិមាណផលិតកម្មប្រហែល ៣ ដង។

គួរឱ្យដឹងផងដែរថា កាលពីសប្ដាហ៍មុនជ័កៅស៊ូរបស់ថៃមានតម្លៃត្រឹមតែ ៦៧ បាត (២.១៤ ដុល្លារ) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand