ចិន បង្ហាញមហិច្ឆតាធំ ដោយចង់ក្លាយជារោងចក្រផលិតរថយន្តអគ្គិសនីរបស់ពិភពលោក
សេដ្ឋកិច្ច October 28, 2020 Khmernote

និយាយពីប្រទេសចិន ជាប្រទេសដែលប្រមូលផ្ដុំទៅដោយរោងចក្រផលិតរបស់ក្រុមហ៊ុនល្បីៗ និងធំៗជាច្រើននៅទីនោះ ដោយសារហេតុផលនេះប្រទេសចិនបាក្លាយជារោងចក្ររបស់ពិភពលោក។ ប៉ុន្តែបើនិយាយពីរោងចក្រក្នុងវិស័យផលិតរថយន្តនៅប្រទេសចិននៅមានកម្រិតនៅឡើយ ហើយប្រទេសនេះមិនដែលធ្លាប់ជាប្រទេសដែលនាំចេញរថយន្តធំបំផុតនោះទេ។

ទោះបីជាយ៉ាងនេះក្ដី យោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រទេសចិនចង់ក្លាយជារោងចក្រផលិតរថយន្តអគ្គិសនីរបស់ពិភពលោក។ ប្រភពដដែលបានឲ្យដឹងថា មហិច្ឆតាដ៏ធំមួយរបស់ប្រទេសចិននេះអាចនឹងទទួលបានជោគជ័យ ខណៈបច្ចុប្បន្នអ្វីៗកំពុងតែដំណើរការទៅមុខយ៉ាងល្អ ជាក់ស្ដែងក្រុមហ៊ុន Tesla បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមនាំចេញម៉ូដែលទី៣ ដែលផលិតនៅប្រទេសចិនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន។ មិនតែប៉ុណ្ណោះ រថយន្តស្ព័រអគ្គិសនី iX3 របស់ BMW ដែលត្រូវបានដាក់លក់នៅទូទាំងពិភពលោក នឹងត្រូវបានធ្វើឡើងដោយការវិនិយោគរួមគ្នាជាមួយដៃគូចិនឈ្មោះ Brilliance China Automotive ផងដែរ។

ប្រទេសចិន គឺជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ដោយការលក់រថយន្តនៅក្នុងឆ្នាំ២០១៩ មានចំនួន ២៨ លានគ្រឿង ប៉ុន្តែបើមើលទៅលើការនាំចេញមានតែប្រមាណជិត ១ លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន ហើយភាគច្រើនគឺទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ យីហោចិនភាគច្រើនមិនមានភាពល្បីល្បាញនៅក្នុងទីផ្សារអភិវឌ្ឍន៍ទេ ហើយក្រុមហ៊ុនផលិតរថយន្តបរទេសភាគច្រើនប្រើរោងចក្រចិនរបស់ពួកគេដើម្បីផលិតរថយន្តសម្រាប់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចេញ។ ទាំងនេះជាសញ្ញាល្អសម្រាប់ប្រទេសចិនដែលក្រុមហ៊ុនផលិតរថយន្តបរទេស កំពុងចាប់ផ្តើមប្រើប្រាស់ប្រទេសនេះជាមជ្ឈមណ្ឌលនាំចេញសម្រាប់រថយន្តអគ្គិសនី របស់ពួកគេ។

ក្រៅពីនេះការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេសនៅក្នុងប្រទេសចិន ក៏ជាផ្នែកមួយនៃការជួយសម្រេចមហិច្ឆតានេះដែរ។ ជាក់ស្ដែង ក្រុមហ៊ុន Tesla បានទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងគេ ដែលមានរោងចក្រគ្រប់គ្រងទាំងស្រុងនៅប្រទេសចិន ហើយបានចាប់ផ្តើមចែកចាយរថយន្តដែលផលិតនៅក្នុងរោងចក្រសៀងហៃរបស់ខ្លួននៅឆ្នាំនេះ។

ដូចគ្នានេះដែរក្រុមហ៊ុន BMW គ្រោងនឹងបង្កើនភាពជាម្ចាស់លើរថយន្ត JV របស់ខ្លួនជាមួយ Brilliance ដល់ ៧៥% នៅឆ្នាំ ២០២២ ពី ៥០% នាពេលបច្ចុប្បន្ន។ ការទទួលបានការត្រួតពិនិត្យ និងប្រាក់ចំណេញកាន់តែច្រើនប្រហែលជាមានន័យថា ក្រុមហ៊ុនក៏មានឆន្ទៈប្រើប្រាស់ប្រទេសចិនដើម្បីផលិតយានយន្តសម្រាប់តំបន់ផ្សេងទៀតដែរ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Volkswagen បានចំណាយប្រាក់ចំនួន ១.២ ពាន់លានដុល្លារដើម្បីទិញភាគហ៊ុនចំនួន ២៦% នៅក្នុងក្រុមហ៊ុនផលិតថាមពលថ្មរបស់ប្រទេសចិន Guoxuan High-Tech នៅឆ្នាំនេះ។ ក្រុមហ៊ុនផលិតអាគុយធំ ៗ នៅកូរ៉េខាងត្បូង និងជប៉ុនក៏មានរោងចក្រនៅក្នុងប្រទេសនេះដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost