ឥណ្ឌូនេស៊ីផ្តល់កញ្ចប់ជំរុញសេដ្ឋកិច្ចរាប់លានដុល្លារ ដើម្បីស្តារឧស្សាហកម្មអាកាសចរណ៍ឡើងវិញ
សេដ្ឋកិច្ច October 28, 2020 Chan Sreyny

ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានយល់ព្រមផ្តល់នូវកញ្ចប់សកម្មភាពជំរុញដល់ឧស្សាហកម្មអាកាសចរណ៍ចំនួន ២១៦.៥ ពាន់លានរូ៉ពី (១៤.៧៥ លានដុល្លារ) ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម និងជម្រុញតម្រូវការធ្វើដំណើរ។

អគ្គនាយកដឹកជញ្ជូនផ្លូវអាកាសរបស់ក្រសួងឥណ្ឌូនេស៊ីលោក Novie Riyanto បាននិយាយថា កញ្ចប់ជំរុញនេះ មានការលើកលែងថ្លៃសេវាកម្មចំនួន ១៧៥.៧ ពាន់លានរូ៉ពីនៅតាមអាកាសយានដ្ឋានទាំង ១៣ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការឧបត្ថម្ភធន ៤០.៨ ពាន់លានរូ៉ពីសម្រាប់ថ្លៃសេវាហោះហើរ។

ការឧបត្ថម្ភធនកន្លែងហោះហើរនេះ ជួយសម្រួលបន្ទុកការចំណាយសម្រាប់ប្រតិបត្តិករអាកាសយានដ្ឋាន រួមទាំងប្រតិបត្តិករអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋ។ លោក Novie បានសម្តែងក្តីសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយបន្ទុកសម្រាប់អ្នកដែលធ្វើដំណើរ ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងជួយឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មដទៃទៀត។

ទន្ទឹមនឹងនេះ ស្ថិតិឥណ្ឌូណេស៊ីបង្ហាញថា ចំនួនអ្នកដំណើរតាមយន្តហោះក្នុងស្រុកចន្លោះពីខែមករា ដល់ខែសីហា បានធ្លាក់ចុះ ៥៦.៩៩% បើធៀបនឹងឆ្នាំមុន និងអ្នកដំណើរតាមផ្លូវអាកាសបរទេសក្នុងកំឡុងពេលដូចគ្នាបានធ្លាក់ចុះ ៧១.៥១% ។

គួរឱ្យដឹងផងដែរថា សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ប្រមាណថា ឧស្សាហកម្មអាកាសចរណ៍របស់ឥណ្ឌូនេស៊ីនឹងទទួលរងការធ្លាក់ចុះអ្នកដំណើរ ៤៩% និងប្រាក់ចំណូលធ្លាក់ចុះ ៨.២ ពាន់លានដុល្លារនៅឆ្នាំនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus