៩ខែ នៃឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងជាង ៧លាននាក់ ថយចុះខ្លាំងដោយសារកូវីដ
ទេសចរណ៍ October 27, 2020 Khmernote

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ តួលេខនេះត្រូវបានបង្ហាញដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល​ ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០។

ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែងទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣%។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%។

ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%។ សូមជម្រាបផងដែរថា តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩ ហើយទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩៕

អត្ថបទ៖ លីនី