រដ្ឋបាលខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់ ផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួល ក្នុងការឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីជាលើកដំបូងនេះ គឺគ្រោងនឹងសាងសង់ នៅលើដងផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តព្រះសីហនុ ត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ។

ឯកឧត្តមបន្តថា ការសម្រេចសាងសង់ផ្លូវថ្មើរជើងក្រោមដីត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ គឺដោយសារចំណុចនេះ ជាកន្លែងដែលកម្មករ កម្មការិនី និយោជិត និងនិយោជក ធ្វើដំណើរច្រើន នៅម៉ោងចូលធ្វើការ និងម៉ោងចេញពីធ្វើការ ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង។ ចំណែកឯការសាងសង់ផ្លូវថ្មើរជើងក្រោមដីត្រង់ចំណុច ក្បែរវិទ្យាល័យឃ្លាំងលើ គឺដើម្បីបង្កលក្ខណៈងាយស្រួលឱ្យសិស្សានុសិស្សឆ្លងផ្លូវដោយមានសុវត្ថិភាព និងបញ្ចៀសនូវ គ្រោះថ្នាក់ចរាចរណ៍ ដោយសារតំបន់នោះជាកន្លែងដែលសិស្សានុសិស្សចេញពីរៀនមានការលំបាកក្នុងការឆ្លងផ្លូវ ។

ឯកឧត្តមបញ្ជាក់ថា ការស្ថាបនាផ្លូវក្រោមដីជំនួសឱ្យការសាងសង់ស្ពានអាកាសនេះ គឺជាការវិវត្តន៍តាមសម័យកាលប្រទេសនីមួយៗ និងដោយសារមើលឃើញផ្លូវជាតិលេខ៤នេះ ជាកន្លែងដែលមានឡានធំខ្ពស់ៗឆ្លងកាត់ច្រើន។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះគ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមខែវិច្ឆិកា ខាងមុខនេះ ដោយប្រើរយៈពេល ៣ខែក្នុងការសាងសង់ ។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ហើយមានប្រព័ន្ធភ្លើងបំភ្លឺទៀតផង ៕
ប្រភព៖ ក្រសួងព័ត៌មាន


