ថ្លែងក្នុងឱកាសចូលជួបជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមុនពេលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ការវិនិយោគសិង្ហបូរីនៅកម្ពុជាមានទឹកប្រាក់ប្រហែល ២ ពាន់លានដុល្លារ ដែលចំនួននេះប្រហាក់ប្រហែលនឹងការវិនិយោគមុនវិបត្តិជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចពញាចក្រី ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។
ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំកម្ពុជាអះអាងថា ការវិនិយោគសិង្ហបូរីនៅកម្ពុជាក្នុងឆ្នាំ ២០២០នេះ នៅតែរក្សាបានសញ្ញាល្អ ដោយឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមការវិនិយោគពីបរទេស បើទោះជាស្ថិតក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមបានបន្តថា កាលពីឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ការវិនិយោគ និងការដោះដូរពាណិជ្ជកម្មទ្វេភាគីគឺមានទឹកប្រាក់ដូចៗគ្នាប្រហែល ៤ ពាន់លានដុល្លារ ដែលចំនួនពាណិជ្ជកម្មនេះ ស្តែងចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើគ្រប់វិស័យ មានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជាមានការរំខានដោយសារបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនេះ។ សម្តេចពញាចក្រីមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនានារវាងរាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរីលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន


