ខណៈសេដ្ឋកិច្ចចិនងើបជាបណ្ដើរៗ ថៃចង់ពន្លឿនភាពជាដៃគូសេដ្ឋកិច្ចជាមួយចិន ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ
សេដ្ឋកិច្ច October 26, 2020 Nita

សភាពាណិជ្ជកម្មថៃ-ចិន បានជំរុញឱ្យរដ្ឋាភិបាលថៃពន្លឿនភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិនដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនឹងជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចរបស់ថៃឡើងវិញ។

លោក Narongsak Puttapornmongkol ប្រធានសភាពាណិជ្ជកម្មថៃ-ចិនបាននិយាយថា « សេដ្ឋកិច្ចរបស់ចិនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញយ៉ាងខ្លាំង ហើយនេះអាចផ្តល់ផលប្រយោជន៍ដល់ការនាំចេញរបស់ថៃ និងសេដ្ឋកិច្ចទូទៅរបស់ថៃ »។ សេដ្ឋកិច្ចរបស់ប្រទេសចិន បានវិលត្រឡប់ទៅរកកំណើននៅក្នុងត្រីមាសទី២ កើនឡើង ៣.២% និងទី៣ កើនឡើង ៤.៩% ។

ទន្ទឹមនឹងនេះ លោក Narongsak បានអំពាវនាវឱ្យរដ្ឋាភិបាលថៃពង្រីកសិទ្ធិវិនិយោគ ដើម្បីគ្របដណ្តប់លើប្រភេទឧស្សាហកម្មបន្ថែមទៀត និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនដោយកត់សម្គាល់ថា ឧស្សាហកម្មជាច្រើនមិនទាន់ទទួលបានអត្ថប្រយោជន៍វិនិយោគដែលផ្តល់ដោយក្រុមប្រឹក្សាវិនិយោគ (BoI) នៅឡើយទេ។

លោក Narongsak បានបន្ថែមថា « វិនិយោគិនចិននៅតែចង់វិនិយោគនៅប្រទេសថៃ។ វិនិយោគិនចិនប្រមាណ ១,០០០ នាក់កំពុងរង់ចាំការអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសថៃ ដើម្បីធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ ជាពិសេសអាជីវកម្មកៅស៊ូ ក្រដាស និងប្លាស្ទិក និងអាជីវកម្មអចលនទ្រព្យ »។

គួរឱ្យដឹងផងដែរថា វិនិយោគិនចិន ក៏បានបានស្នើសុំការលើកទឹកចិត្តវិនិយោគ ដើម្បីចៀសវាងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost