ប្រជាកសិករដែលមានស្រូវរងផលប៉ះពាល់ដោយទឹកជំនន់ នឹងទទួលបានស្រូវពូជចំនួន ១០០ គីឡូក្នុងមួយគ្រួសារ
សេដ្ឋកិច្ច October 26, 2020 Khmernote

(​ភ្នំពេញ​)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាកសិករដែលមានស្រូវរងផលប៉ះពាល់ដោយទឹកជំនន់ នឹងទទួលបានស្រូវពូជចំនួន ១០០ គីឡូក្នុងមួយគ្រួសារ ដើម្បស្ដារជីវភាពឡើងវិញ បន្ទាប់ពីទឹកជំនន់បានជន់លិច។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​។

យោងតាមប្រសាសន៍របស់សម្ដេចនៅក្នុងឱកាសនោះ បានឲ្យដឹងថា ស្រូវពូជដែលចែកក្នុងមួយគ្រួសារ ១០០ គីឡូ គឺសម្រាប់តែប្រជាកសិករណាដែលស្រែត្រូវទឹកជន់លិចអស់តែប៉ុណ្ណោះ ដោយភារកិច្ចនេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ត្រូវអនុវត្តឲ្យទាន់ពេលវេលា ដើម្បីជួយប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រសួងនៅសល់ពូជស្រូវប្រមាណជា ១៨០០តោន និងពូជបន្លែប្រមាណជា ១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារធ្វើឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល នៅពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង ដោយត្រៀមចែកចាយទៅតាមបណ្តាខេត្តគោលដៅនានា៕

អត្ថបទ៖ លីនី