ប្រជាជនថៃបាននាំមុខគេនៅអាស៊ី ដែលមានបំណុលជាប់ខ្លួនច្រើនជាងគេបំផុត គិតត្រឹម​ឆមាសទី១ នៃឆ្នាំនេះ
សេដ្ឋកិច្ច October 24, 2020 Khmernote

ទេសាភិបាលធនាគារកណ្ដាលថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលក្នុងគ្រួសាររបស់​ប្រជាជនថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ១៧ឆ្នាំមកនេះ ហើយការកើនឡើងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលអាជីវកម្ម និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុស Covid-19។

លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានថា៖ « ជំងឺរាតត្បាតបានកាត់បន្ថយ ការងារ ប្រាក់ចំណូល និងសមត្ថភាពរបស់ប្រជាជនថៃក្នុងការសងបំណុល ដែលជាហេតុធ្វើឲ្យកម្រិតបំណុលកាន់តែកើនឡើង »។ ជាមួយគ្នានេះលោកបានបន្តថា៖ « ស្ថានភាពការងារក្នុងពេលបច្ចុប្បន្ននេះមិនទាន់វិលត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ ហើយសេដ្ឋកិច្ចក៏មិនអាចដូចដើមភ្លាមៗដែរ យ៉ាងហោចណាស់ដល់ត្រីមាសទី៣ នៃឆ្នាំ២០២២ »។

យោងតាមការសិក្សារបស់ធនាគារកណ្ដាល អ្នកជំពាក់បំណុលដដែលមានចំនួន ៨០% នៃបំណុលគ្រួសាររបស់ប្រទេសថៃ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ។ ម្នាក់ក្នុងចំណោមប្រាំនាក់ ដែលមានប្រាក់សោធននិវត្តន៍ គឺជំពាក់បំណុល ដោយពួកគេភាគច្រើនមានអាយុចន្លោះពី ៦១-៦៥ឆ្នាំ ដែលជំពាក់បំណុលជាមធ្យម ១០០,០០០ បាត (ប្រហែលជាង ៣ពាន់ដុល្លារ)។ ខណៈមនុស្សវ័យក្មេងកាន់តែច្រើន ក៏កំពុងឈានទៅរកការខ្ចីប្រាក់ផងដែរ ដោយ ៥០% នៃមនុស្សដែលមានអាយុពី ៣០ ទៅ ៤០ឆ្នាំ ឥឡូវជំពាក់បំណុលភាគច្រើនតាមរយៈប្រាក់កម្ចីផ្ទាល់ខ្លួន និងកាតឥណទាន។

គួរឲ្យដឹងផងដែរថា ធនាគារកណ្ដាលថៃ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេស បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ២២ឆ្នាំ ក្នុងត្រីមាសទី២ ហើយអាចធ្លាក់ចុះ ៧.៨% នៅឆ្នាំនេះ។ ហើយគិតត្រឹមខែមិថុនា ឆ្នាំ២០២០ នេះ បំណុលក្នុងគ្រួសាររបស់ប្រជាជនថៃបានកើនឡើងដល់ ១៣.៥៩ ទ្រីលានបាត (៤៣៥ ពាន់លានដុល្លារ) ស្មើនឹង ៨៣.៨% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣ និងក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ី។ ខណៈនៅដំណាច់ឆ្នាំ២០១៩ បំណុលមានចំនួនតែ ៧៩.៩% នៃផលិតផលក្នុងស្រុកសរុប៕​

អត្ថបទ៖ លីនី
ប្រភព៖ thaivisa