ខេត្តឧត្តរមានជ័យទាក់យកគម្រោងធំៗចំនួនពីរ មានតម្លៃវិនិយោគសរុបជាង ៣៥០ លាន​ដុល្លារអាមេរិក
សេដ្ឋកិច្ច October 24, 2020 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគក្នុងខេត្តឧត្តរមានជ័យលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD ដែលមានអានុភាព ២៦៥ មេហ្កាវ៉ាត់ ហើយមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី២៣ ខែតុលា ដោយមានទុនវិនិយោគ ២៩៤.៣ លានដុល្លារ គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ នឹងអាចបង្កើតការងារចំនួន ២២០ សម្រាប់ប្រជាជនក្នុងស្រុក។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED ក៏ទទួលបានវិញ្ញាបនប័ត្រវិនិយោគពី (CDC) លើគម្រោងទឹកប្រាក់ ៦១.៤ លានដុល្លារអាមេរិក សម្រាប់សាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមាន ទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលអាចបង្កើតការងារបានចំនួន ៤៩កន្លែង។ សូមជម្រាបផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់ចំនួន ៣ ដែលអាចផលិតថាមពលបាន ៧៤០ មេហ្គាវ៉ាត់ក្នុងចំនួនសរុបទៅបណ្តាញអគ្គិសនី រោងចក្រថាមពលទាំងនេះមានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

អត្ថបទ៖ លីនី