ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃធ្លាក់ចុះ ១៩% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ
សេដ្ឋកិច្ច October 24, 2020 Chan Sreyny

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃ ៥.៥៦៩ លានដុល្លារនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះពោលគឺមានការធ្លាក់ចុះ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីក្រសួងពាណិជ្ជកម្មថៃបង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសថៃមានការធ្លាក់ចុះ ៤៨% ។ ការនាំចូលសរុបរបស់កម្ពុជាពីប្រទេសថៃបានថយចុះ ៩% មកនៅត្រឹម ៤.៦១១ លានដុល្លារ។ ការថយចុះនូវការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ គឺភាគច្រើនដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យមានបញ្ហាដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងស្ថានភាពនៃជំងឺរាតត្បាតនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពតានតឹង ដោយសារការឆ្លងកាត់ព្រំដែនត្រូវបានរឹតបន្តឹងដែលធ្វើឱ្យមានការលំបាកសម្រាប់លំហូរទំនិញរវាងប្រទេសទាំងពីរ។ ប៉ុន្តែសក្តានុពលនៃការវិនិយោគរបស់ប្រទេសកម្ពុជា នៅតែមានសម្រាប់វិនិយោគិន និងធុរកិច្ចថៃ។

លោកបញ្ជាក់ថា បើនិយាយអំពីការវិនិយោគទោះបីពិភពលោកកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះក៏ដោយ ក៏ក្រុមហ៊ុនថៃនៅកម្ពុជាបានបន្តខ្សែសង្វាក់ផលិតកម្មធម្មតា ដោយលោកបានបន្ថែមថា ក្រុមហ៊ុន និងអាជីវកម្មថៃជាច្រើនបានស្វែងរកឱកាសវិនិយោគនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន