ឥណ្ឌាត្រៀមថវិកាប្រមាណ ៧ ពាន់លានដុល្លារសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជានរបស់ខ្លួន
សេដ្ឋកិច្ច October 23, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌាត្រៀមថវិកាប្រមាណ ៧ ពាន់លានដុល្លារដើម្បីចាក់វ៉ាក់សាំងការពារជំងឺរាតត្បាត​ Covid-19 ដល់ប្រជាជនរបស់ខ្លួន។

លោក Adar Poonawalla ប្រធានវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា Pvt ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា ប្រទេសនេះនឹងត្រូវការថវិកាប្រមាណ ៨០០ ពាន់លានរូពីដើម្បីផ្គត់ផ្គង់ និងកៀរគរប្រជាជនដែលរស់នៅគ្រប់ទីកន្លែងដើម្បីចាក់វ៉ាក់សាំងនេះ។

ទន្ទឹមនឹងនេះ លោកស្រី Kiran Mazumdar-Shaw ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Biocon Ltd បាននិយាយថា « បញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសឥណ្ឌា គឺការកសាងកន្លែងដែលត្រជាក់ដើម្បីរក្សាទុក និងចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសឥណ្ឌាក្នុងរយៈពេលដ៏ខ្លី »។

លើសពីនេះទៅទៀត ក្រុមគាំទ្រដោយរដ្ឋាភិបាលបានព្យាករណ៍ថា ប្រទេសឥណ្ឌាបានឈានដល់ចំណុចកំពូលនៃការឆ្លង ហើយការរីករាលដាលនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ដោយរដ្ឋាភិបាលកំពុងតែបើកទ្វារសេដ្ឋកិច្ចឡើងវិញ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃអង្គារ ទី ២០ ខែតុលា នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួននឹងធានាថា ប្រជាជនឥណ្ឌាទាំងអស់អាចទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 នៅពេលដែលត្រៀមរួចរាល់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand