ឥណ្ឌាបន្ធូរបន្ថយការរឹតត្បិត ដើម្បីអនុញ្ញាតឱ្យជនបរទេសចូលប្រទេសរបស់ខ្លួន លើកលែងតែអ្នកទេសចរ
សេដ្ឋកិច្ច October 23, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌាបានបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ ដើម្បីអនុញ្ញាតឱ្យជនជាតិបរទេសចូលក្នុងប្រទេសឥណ្ឌាតាមផ្លូវអាកាស ឬសមុទ្រក្នុងគោលបំណងណាមួយលើកលែងតែវិស័យទេសចរណ៍។

រដ្ឋាភិបាលឥណ្ឌាបានមានប្រសាសន៍ថា « ឥឡូវនេះ រដ្ឋាភិបាលបានសំរេចចិត្តធ្វើការបន្ធូរបន្ថយកម្រិតទិដ្ឋាការ និងការរឹតត្បិតការធ្វើដំណើរសម្រាប់ជនបរទេស និងជនជាតិឥណ្ឌាជាច្រើនប្រភេទដែលមានបំណងចូល ឬចាកចេញពីប្រទេសឥណ្ឌា »។ រដ្ឋាភិបាលបន្តថា « សេចក្តីសំរេចនេះ នឹងធ្វើឱ្យជនជាតិបរទេសអាចចូលមកប្រទេសឥណ្ឌាក្នុងគោលបំណងផ្សេងៗដូចជា៖ ជំនួញ សន្និសីទ ការងារ ការសិក្សា ការស្រាវជ្រាវ និងក្នុងគោលបំណងវេជ្ជសាស្ត្រជាដើម ដោយលើកលែងតែទិដ្ឋាការទេសចរណ៍ »។

អ្នកដំណើរទាំងអស់ ត្រូវតែគោរពយ៉ាងតឹងរឹងនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឥណ្ឌាទាក់ទងនឹងការនៅដាច់ដោយឡែក។ ប្រទេសឥណ្ឌាបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយចលនាខាងក្នុង និងខាងក្រៅរបស់អ្នកដំណើរអន្តរជាតិចាប់តាំងពីខែកុម្ភៈ។

នៅក្នុងខែមិថុនា ការរឹតត្បិតទិដ្ឋាការមួយចំនួនសម្រាប់ជនបរទេសត្រូវបានបន្ធូរបន្ថយសម្រាប់ពាណិជ្ជករបរទេស ដែលធ្វើដំណើរតាមជើងហោះហើរដែលមានលក្ខណៈជាអ្នកជំនាញផ្នែកថែរក្សាសុខភាព និងវិស្វកម្ម អ្នកគ្រប់គ្រង អ្នករចនាម៉ូត ឬអ្នកជំនាញផ្សេងទៀត។

នៅក្នុងខែសីហា រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ ដើម្បីអនុញ្ញាតឱ្យអ្នកកាសែតបរទេសចូលប្រទេសឥណ្ឌា ក៏ដូចជាជនជាតិបរទេសមកពីសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបារាំងលើទិដ្ឋាការអាជីវកម្ម ពេទ្យ និងការងារក្រោមគ្រោងការណ៍ « air bubble »។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ករណីឆ្លងជំងឺ Covid-19 នៅឥណ្ឌាបានកើនឡើងដល់ ៧.៧ លាននាក់ដែលជាចំនួនខ្ពស់បំផុតទី២ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ចំនួន ១១៦,៦១៦ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews