ជប៉ុនសន្យាថា នឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីក នៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។

លើសពីនេះជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ ហើយថែមទាំងផ្ដល់នូវឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤.៦ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយសេដ្ឋកិច្ចដែលរងផលប៉ះពាល់កូវីដទៀត នាពេលថ្មីៗនេះ។

សូមជម្រាបផងដែរថា ប្រទេសជប៉ុនជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ ជាពិសេសគឺប្រព័ន្ធរំដោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលទាំងនេះសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕

 

អត្ថបទ៖ លីនី