ថៃ ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរបរទេសជាលើកដំបូង ខណៈការតវ៉ានៅទីក្រុងបាងកកកាន់តែឡើងកម្ដៅ
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

ប្រទេសថៃ បានទទួលក្រុមភ្ញៀវទេសចរមកពីប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២០ ខែតុលា ដែលជាការមកដល់ជាលើកដំបូងនៅក្នុងប្រទេសនេះចាប់តាំងពីការហោះហើរពាណិជ្ជកម្ម ត្រូវបានហាមឃាត់ក្នុងខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អ្នកទេសចរចំនួន ៣៩ នាក់មកពីទីក្រុងសៀងហៃប្រទេសចិនបានមកដល់កាលពីយប់ថ្ងៃទី ២០ ខែតុលា។ ការមកដល់នេះ បានកើតឡើងនៅពេលក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបន្តប្រឆាំងនឹងការហាមឃាត់ការប្រមូលផ្តុំ បន្ទាប់ពីអាជ្ញាធរបានប្រកាសពីស្ថានភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកក។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបានប្រាប់សារព័ត៌មានរ៉យទ័រថា ភាពចលាចលនេះមិនបានប៉ះពាល់ដល់ការមកដល់នៅក្នុងប្រទេសនេះទេ។ លោកបានមានប្រសាសន៍ថា « មិនទាន់មានការលុបចោល ឬការសាកសួរអំពីបញ្ហានេះទេហើយមនុស្សម្នាកំពុងតាមដានព័ត៌មាននេះ »។

រដ្ឋាភិបាលថៃរំពឹងថា វិស័យទេសចរណ៍អាចទទួលបានទេសចរបរទេសត្រឹមតែ ៦.៧ លាននាក់នៅឆ្នាំនេះ គឺតិចជាង ១/៥ នៃកំណត់ត្រា ៣៩.៨ លាននាក់ក្នុងឆ្នាំ ២០១៩ ។ ការមកដល់នៃអ្នកទេសចរថ្មីៗនេះ គឺស្ថិតនៅក្នុងទិដ្ឋាការពិសេសរយៈពេល ៩០ ថ្ងៃហើយត្រូវទុករយៈពេល ២ សប្តាហ៍នៅតាមបន្ទប់សណ្ឋាគាររបស់ពួកគេ និង ៧ ថ្ងៃនៅក្នុងបរិវេណសណ្ឋាគារ ហើយសាកល្បងតេស្ដិ៍ជំងឺ Covid-19 អវិជ្ជមានចំនួន ៣ ដងមុនពេលពួកគេអាចធ្វើដំណើរទៅដោយសេរី។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលថៃបានហាមឃាត់ការហោះហើរពាណិជ្ជកម្មនៅក្នុងខែមេសា ដើម្បីការពារជំងឺ Covid-19 ។ ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៣,៧០០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ thestar