ជប៉ុន សម្រេចផ្ដល់ឥណទានជាង ២០០ លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ឥណទានជាង ២០០ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។

ការផ្ដល់ឥណទាននេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរអរគុណ ចំពោះការផ្ដល់ឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤.៦ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ តាមរយៈឯកឧត្តម ម៉ូតេហ្គី ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេវរកម្មផងដែរ ៕

អត្ថបទ៖ លីនី