ក្រុមហ៊ុនចិននឹងវិនិយោគ ៣៥ ពាន់លានដុល្លារក្នុងដំណើរការកែច្នៃនីកែលនៅក្នុងប្រទេសមួយនេះ
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

វិនិយោគិនចិន កំពុងព្យាយាមពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបង្កើនការវិនិយោគទ្វេដងរបស់ខ្លួនក្នុងការកែច្នៃនីកែលដល់ ៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ ។

អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងឥណ្ឌូនេស៊ីលោក Jodi Mahardi បាននិយាយថា ក្រុមហ៊ុនដែកថែប និងអាគុយចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានជួបជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Pandjaitan ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តយូណានរបស់ប្រទេសចិននាពេលថ្មីៗនេះ។

ក្នុងចំណោមគម្រោងដែលត្រូវបានពិភាក្សា គឺផែនការមួយរបស់ក្រុមហ៊ុន Contemporary Amperex Technology Co Ltd របស់ចិន និងក្រុមហ៊ុន Ningbo Lygend Mining Co ដើម្បីបង្កើតរោងចក្រផលិតអាគុយ ដែលជាកន្លែងធំបំផុតរបស់ពួកគេនៅលើពិភពលោក។

ក្រុមហ៊ុនដទៃទៀតរួមមាន ក្រុមហ៊ុន Tsingshan Holding Group និងក្រុមហ៊ុន Delong Holdings បច្ចុប្បន្នមានទុនវិនិយោគប្រហែល ១៦ ពាន់លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនទាំង ៤ បានប្តេជ្ញាបង្កើនការវិនិយោគរួមដល់ប្រមាណ ២០.៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ និងប្រមាណ ៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ ។ ពួកគេនឹងសហការជាមួយវិនិយោគិនមកពីបារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី និងប្រទេសដទៃទៀត។

ទន្ទឹមនឹងនេះ អគ្គនាយកក្រុមហ៊ុនឧស្សាហកម្មរ៉ែឥណ្ឌូនេស៊ីបាននិយាយថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ីមួយក្រុមគ្រោងនឹងបង្កើតការបណ្តាក់ទុន ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនី EV ហើយក្រុមហ៊ុនថ្មីនេះនឹងចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងកូរ៉េលើគម្រោងដែលមានតម្លៃ ១២ ពាន់លានដុល្លារ។

គួរឱ្យដឹងផងដែរថា​ ឥណ្ឌូណេស៊ីគឺជាប្រទេសនាំចេញរ៉ែនីកែលធំជាងគេ ប៉ុន្តែប្រទេសនេះបានបញ្ឈប់ការនាំចេញក្នុងខែមករា ដើម្បីធានាថាមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់វិនិយោគិនក្នុងប្រទេស៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus