តម្លៃជ័រកៅស៊ូនៅថៃអាចនឹងកើនឡើង ខណៈការផ្គត់ផ្គង់ថយចុះដោយសារភ្លៀងធ្លាក់ច្រើន និងកង្វះកម្លាំងពលកម្ម
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

អាជ្ញាធរកៅស៊ូថៃ (RAOT) ប៉ាន់ប្រមាណថា តម្លៃជ័រកៅស៊ូអាចនឹងកើនឡើងដល់ ៦៧ បាត (២.១៤ ដុល្លារ) ក្នុងមួយគីឡូក្រាមនាពេលឆាប់ៗនេះ ដោយសារតែការកើនឡើងនៃតម្រូវការពីប្រទេសចិន ខណៈការផ្គត់ផ្គង់ជ័រកៅស៊ូកំពុងថយចុះដោយសារមានភ្លៀងធ្លាក់ញឹកញាប់នៅភាគខាងត្បូង និងកង្វះកម្លាំងពលកម្មពេលមានជំងឺ Covid-19 ។

លោក Nakorn Tangavirapat អភិបាលនៃ RAOT បាននិយាយថា « តម្លៃកៅស៊ូអាចនឹងកើនឡើងនៅពេលដែលប្រទេសចិនព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើង ៤.៩% និងមាននិន្នាការនាំចូលកៅស៊ូពីប្រទេសថៃបន្ថែមទៀត »។

ទន្ទឹមនឹងនេះ ប្រទេសជិតខាងមួយចំនួនដែលផលិតកៅស៊ូ បានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិកាលពីខែមុន ខណៈពេលដែលតំបន់ភាគខាងត្បូងរបស់ប្រទេសថៃក៏ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងកង្វះកម្លាំងពលកម្មក្នុងស្ថានភាព Covid-19 ដែលនឹងធ្វើឱ្យទិន្នផលកៅស៊ូថយចុះ និងតម្លៃកើនឡើង។

លោក Nakorn និយាយទៀតថា « តម្លៃកៅស៊ូនៅលើទីផ្សារនាពេលអនាគតក៏កំពុងកើនឡើងផងដែរ ទាំងនៅសិង្ហបុរី និងជប៉ុន។ ឆាប់ៗនេះតម្លៃនឹងឡើងដល់ ៦៧ បាតក្នុងមួយគីឡូក្រាម ឬខ្ពស់ជាងនេះ »។ លោកជឿជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករដាំកៅស៊ូ នឹងជួយពួកគេជួលកម្មករបន្ថែមដើម្បីបង្កើនសមត្ថភាពប្រមូលផល និងទិន្នផលកៅស៊ូ។

លោកបានបន្ថែមថា « គម្រោងនេះ ត្រូវបានអនុវត្តនៅខែឧសភា ឆ្នាំនេះហើយនឹងបញ្ចប់នៅខែមេសាឆ្នាំ ២០២២ ក្រោមថវិកា ២០ ពាន់លានបាត។ ប្រាក់កម្ចីគួរតែជួយធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារមានស្ថេរភាព »៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand