ទឹកជំនន់ បង្ខំឲ្យរោងចក្រកាត់ដេរចំនួន ៤០ ស្ថិតនៅខេត្ត-ក្រុងទាំងបីនេះ ត្រូវផ្អាកប្រតិបត្តិ​ការបណ្ដោះអាសន្ន
សេដ្ឋកិច្ច October 21, 2020 Chan Sreyny

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងឲ្យដឹងថា រោងចក្រកាត់ដេរចំនួន ៧៣ នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយយ៉ាងហោចណាស់ក៏មានរោងចក្រចំនួន ៤០ បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។

បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ គិតត្រឹមថ្ងៃទី ១៧ ខែតុលាមានរោងចក្រចំនួន ៦២ នៅទីក្រុងភ្នំពេញ ចំនួន ១៣ នៅខេត្តកណ្តាល និងចំនួន ៤ នៅខេត្តកំពង់ស្ពឺបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយមាន មានរោងចក្រជាង ៣០ កំពុងដំណើរការជាធម្មតា។ ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន បានឲ្យដឹងថា រោងចក្រចំនួន ៤ នៅក្នុងខេត្តត្រូវបានលិចទឹក ប៉ុន្តែបណ្តាញផ្គត់ផ្គង់របស់ពួកគេមិនបានរងផលប៉ះពាល់ ហើយការងារកំពុងដំណើរការដូចធម្មតា។ លោកបានបន្តថា មន្ទីរកំពុងធ្វើការដើម្បីមានវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់រោងចក្រ និងកម្មករ ខណៈរោងចក្រចំនួន ១៤៥ នៅក្នុងខេត្តកំពុងដំណើរការនៅឡើយ។

ជាមួយគ្នានេះដែរអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បាននិយាយថា ទឹកជំនន់បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សមាជិកសមាគម GMAC ដែលទទួលរងនូវការរាតត្បាតយ៉ាងច្រើនពីជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមអគ្គលេខាធិការរងរូបនេះ ទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិរោងចក្ រនិងរំខានដល់ដំណើរការផលិតកម្ម ដែលនឹងបណ្តាលឱ្យមានការពន្យារពេលក្នុងការចែកចាយ។ សូម្បីតែនៅពេលទឹកស្រកវិញរោងចក្រដែលរងផលប៉ះពាល់ដោយទឹកជំនន់មិនអាចចាប់ផ្តើមភ្លាមៗបានទេ ពីព្រោះម៉ាស៊ីននិងឧបករណ៍ផ្សេងទៀតត្រូវការត្រួតពិនិត្យ។

យ៉ាងណាមិញក្រសួងការងារបានណែនាំដល់និយោជិក និងកម្មករនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ឱ្យឃ្លាំមើលការវិវត្តអាកាសធាតុ និងគូសបញ្ជាក់ពីវិធានការណ៍ជម្លៀសប្រជាជនក្នុងករណីមានទឹកជំនន់ធ្ងន់ធ្ងរ។ ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា រដូវធ្លាល់ភ្លៀងកាន់តែអាក្រក់ដោយសារព្យុះត្រូពិកបណ្តាលឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ១៩ នៃ ២៥ ខេត្ត-ក្រុង ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ២៤០,០០០ នាក់ និងបានសម្លាប់មនុស្ស ២០ នាក់ផ្សេងទៀតក្នុងនោះមានកុមារ ៥ នាក់ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus