ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់ហើយ នេះបើយោងតាមរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម លីម ស៊ីដេនីន បានលើកឡើងនៅក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ « ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង ១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក »។

យោងតាមប្រសាសន៍របស់ឯកឧត្តម ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។
(រូបតំណាង)
ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋលេខាធិកា ក៏បានគូសបញ្ជាក់ផងដែរថា៖ « ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យកកស្ទះដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬ ទីក្រុងបានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕

អត្ថបទ៖ លីនី


