នាយករដ្ឋមន្រ្តីជប៉ុនថ្មី Yoshihide Suga បានសន្យាថា នឹងផ្ដល់ជំនួយសង្រ្គោះបន្ទាន់ដល់វៀតណាម សម្រាប់គ្រោះមហន្តរាយធម្មជាតិ ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ,ការពារជាតិ និងកិច្ចសហប្រតិបត្តិការសុខភាពក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសវៀតណាមកាលពីថ្ងៃចន្ទថ្មីៗនេះ។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅទីក្រុងហាណូយនាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បាននិយាយថា ជប៉ុននឹងផ្តល់ជំនួយបន្ទាន់ដល់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងទឹកជំនន់នាពេលបច្ចុប្បន្ននៅតំបន់កណ្តាល និងបន្តចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

ជាក់ស្ដែងលោក Yoshihide Suga មានប្រសាសន៍ថា៖ « ជប៉ុនបានសំរេចចិត្តផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសវៀតណាម ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល។ ខណៈប្រទេសជប៉ុន គឺជាប្រទេសដែលមានបទពិសោធន៍ច្រើនក្នុងការការពារគ្រោះមហន្តរាយ ដូច្នេះយើងនឹងបន្តចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់យើងស្តីពីការការពារគ្រោះមហន្តរាយជាមួយប្រទេសវៀតណាម »។
គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ៩៣ នាក់បានស្លាប់ និងប្រហែល ៥៣,០០០ គ្រួសារ ត្រូវបានជម្លៀសចេញកាលពីថ្ងៃច័ន្ទ ដោយសារទឹកជំនន់ និងការបាក់ដីនៅភាគកណ្តាល៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress


